អ្នកបង្កើតមាតិកា ShanaeLael ជាជនជាតិអាម៉េរិកដែលមានគ្រួសារនិងរស់នៅស្រុកខ្មែរបានទម្លាយថាមូលហេតុដែលនាងចូលចិត្តខ្មែរគឺប្រជាជនខ្មែរមានទឹកចិត្ត ជួយយកអាសារគ្នា។
ជារឿយៗ អ្នកមួយចំនួនអាចនឹងស្គាល់អ្នកបង្កើតមាតិកា Shanae ដែលជាជនជាតិបរទេសបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាក្នុងខេត្តបាត់ដំបងប្រកបដោយភាពសាមញ្ញាតាមរយៈវីដេអូនានារបស់ខ្លួនកន្លងមក។ ការផ្សព្វផ្សាយពីវប្បធម៌ខ្មែររបស់អ្នកបង្កើតមាតិការូបនេះបានធ្វើឱ្យហ្វេនៗមានការសាទរយ៉ាងខ្លាំង ខណៈនារីជាជនបរទេសរូបនេះអាចប្រើប្រាស់និយាយភាសាខ្មែរបានយ៉ាងល្អគួរឱ្យសរសើរ។
ទង្វើរបស់អ្នកនាង Shanae ក៏បានដក់ជាប់ក្នុងបេះដូងទស្សនិកជនចំណែកហ្វេនៗមួយចំនួនក៏ចង់ដឹងដូចគ្នាថាហេតុអ្វីបានជាអ្នកបង្កើតមាតិការូបនេះពេញចិត្តពេញថ្លើមប្រទេសកម្ពុជាយ៉ាងនេះ។ ក្នុងកិច្ចសម្ភាសន៍ 3Fun ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា Shanae បានបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសប្រចាំសប្តាហ៍ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ។
ទន្ទឹមនឹងនេះ Shanae បានបញ្ជាក់ថាមូលហេតុដែលរូបអ្នកនាងស្រលាញ់ខ្មែរដោយសារតែខ្មែរស្រលាញ់គ្រួសារ ខ្មែរចេះជួយយកអាសារគ្នាដូចជាអ្នកជិតខាងជួយមើលកូន ធ្វើម្ហូបជាមួយគ្នាសម្រាប់អ្នកខេត្តបាត់ដំបង ប៉ុន្តែមិនសូវដឹងនោះទេសម្រាប់អ្នករស់នៅភ្នំពេញ ហើយសាច់ញាតិខាងសាច់ថ្លៃគឺជួយទុក្ខធុរៈមើលកូនឱ្យខ្លួន។ ក្នុងការលើកឡើងនេះជារួម Shanae ចង់សម្តៅថា ខ្មែរគឺចេះជួយទុក្ខធុរៈយកអាសារគ្នា។
គួរឱ្យដឹងថា ដើមឡើយ Shanae បានមកប្រទេសកម្ពុជាជាការដើរលេងនិងជួយខ្មែរចំនួន៣ខែហើយការមកដំបូងគឺមានអារម្មណ៍ថាស្រលាញ់ខ្មែរខ្លាំងដោយប្រជាជនខ្មែរចិត្តល្អ ស្វាគមន៍ខ្លាំង និងចង់មកលេងម្តងទៀត។ ត្រឡប់មកលើកក្រោយអ្នកនាងរស់នៅចំនួន៦ខែដោយជួយមិត្តភក្តិនៅកន្លែងហាត់ប្រាណហើយក៏បានជួយប្តីនៅទីនោះនិងបានចាប់ដៃកសាងគ្រួសារជាមួយគ្នាដោយបានរៀបការនៅអាម៉េរិក។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសម្នាក់ និងកូនក្នុងផ្ទៃម្នាក់ទៀតនិងមានមុខរបរបើកកន្លែងហាត់ប្រាណនៅខេត្តបាត់ដំបង៕