ករណីកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះ ឌឿន ឧត្ដម បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្ដីប្រពន្ធមួយគូ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុច ផ្លូវប្រសព្វមួយកន្លែងនៅទីក្រុង Caulfield South ភាគអាគ្នេយ៍នៃទីក្រុង Melbourne ឥលូវនេះត្រូវបានតុលាកា ប្រទេសអូស្ត្រាលី សម្រេចកាត់ក្ដីឱ្យជាប់ពន្ធនាគា រយៈពេល១២ ឆ្នាំ ៩ខែ ហើយបើតាមការចុះផ្សាយពីសារព័ត៌មានអូស្ត្រាលី 9news បានបង្ហាញថា ឈ្មោះ ឌឿន ឧត្ដម អាចនឹងត្រូវបណ្ដេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសចប់ ។
ជនរងគ្រោះពីរនាក់ប្ដីរប្រពន្ធដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ Santosh Adhikari អាយុ៣២ ឆ្នាំ និង Pratima Thapa Adhikari អាយុ ២២ឆ្នាំ ។
យោងតាមចៅក្រមឈ្មោះលោក Jeanette Morrish បាននិយាយថា ការស្លាប់របស់ប្ដីប្រពន្ធគេទាំងពីរ ជាកំហុសទាំងស្រុងរបស់ឈ្មោះ ឌឿន ឧត្ដម ដែលបានបើកបរហួសល្បឿនកំណត់រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង បំពានភ្លើងសញ្ញាចរាចរណ៍ លើសពីនេះថែមទាំងមានកម្រិតជាតិអាកុលក្នុងខ្លួន ០.០១៦ និងមិនមានប័ណ្ណបើកបរទៀតផង ។ ចៅក្រមខាងលើ បានបន្ថែមថា ម្ដាយរបស់ជនរងគ្រោះ តែងតែយំសោកជារៀងរាល់ថ្ងៃ ចាប់តាំងពីកូនស្រី និងកូនប្រសាររបស់គាត់ បានស្លាប់ រហូតមកដល់សព្វថ្ងៃនេះ ។

យោងតាមសម្ដីមិត្តភក្ដិម្នាក់របស់ជនឈ្មោះ ឌឿន ឧត្ដម ដែលបានរួមដំណើរជាមួយ នៅថ្ងៃកើតហេតុ បានឱ្យដឹងថា ឌឿន ឧត្ដម បានបើករថយន្តយ៉ាងលឿនហួសល្បឿនកំណត់ ហើយបើទោះជាគេព្យាយាមឃាត់យ៉ាងណាក៏ដោយ ក៏មិនស្ដាប់ដែរ ។ ហើយដល់ចំណុចកើតហេតុ គេបានប្រាប់ឱ្យឈប់ស្ដុបក្រហម តែ ឌឿន ឧត្ដម នៅតែមិនបន្ថយល្បឿន ទើបបណ្ដាលឱ្យបុកពេញទំហឹងទៅលើជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលកំពុងបើករថយន្តម៉ាក ហុងដា មួយគ្រឿង ឆ្លងកាត់ផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗ ។ ចំណែករូបគេដែលជាអ្នករួមដំណើរលើរថយន្តបង្ក ក៏បានរងរបួសធ្ងន់ផងដែរ ។
សូមរំឮកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ ជនបង្កឈ្មោះ ឌឿន ឧត្ដម ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរដោយមនុស្សម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក BMW ក្នុងល្បឿន រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង ខណៈដែលល្បឿនកំណើតត្រឹម ៧០ គីឡូម៉ែត្រ ក្នងមួយម៉ោង ព្រមទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ទៅបុករថយន្តម៉ាក ហុងដា ពណ៌ទឹកប្រាក់ បើកបរដោយប្ដីប្រពន្ធជនជាតិណេប៉ាល់ បណ្ដាលឱ្យពួកគេទាំងពីរនាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនបង្ក ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតនោះ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចផ្លូវប្រសព្វនៃផ្លូវ North និង Thomas ក្នុងទីក្រុង Caulfield South ប្រទេសអូស្ត្រាលី ។ យ៉ាណាក៏ដោយជនបង្កបានសារភាពទីទោសកំហុស ហើយកាលពីដើមឆ្នាំ តុលាការបានកំណត់ទោស ២ករណី គឺបើកបរបណ្ដាលឱ្យមនុស្សស្លាប់ និងករណីមិនប្រុងប្រយ័ត្នបង្កឱ្យមានរបួស ។