ប្រទេសអ៊ីស្រាអែល ៖ អ៊ីស្រាអែលជាប្រទេសគ្របដណ្តប់ដោយសមុទ្រខ្សាច់ជាងពាក់កណ្តាល ហើយមានផ្ទៃដីអាចដាំដំណាំបានត្រឹមតែ២០% ប៉ុណ្ណោះ និងគ្មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្មទេ ។ ប៉ុន្តែបច្ចុប្បន្ន អ៊ីស្រាអែលអាចប្រែក្លាយវាលខ្សាច់ឱ្យទៅជាកសិដ្ឋានដំណាំ និងជាប្រទេសនាំមុខផ្នែកបច្ចេកវិទ្យាកសិកម្មលើពិភពលោក ។
ទិន្នផលកសិកម្មផលិតនៅអ៊ីស្រាអែលដែលសេសសល់ពីការបរិភោគក្នុងស្រុក គឺអ៊ីស្រាអែលបាននាំចេញទៅក្រៅប្រទេស ។ កាលពីមុន ផ្ទៃដីនៅអ៊ីស្រាអែលគ្មានគុណភាព ពុំអាចដាំដំណាំបានទេ ខណៈបរិមាណភ្លៀងធ្លាក់ក្នុង១ឆ្នាំៗតិចតួច ។ ហេតុនេះ ពលរដ្ឋអ៊ីស្រាអែលបានដោះស្រាយបញ្ហាដោយការប្រើប្រាស់សារធាតុគីមីកែលម្អគុណភាពដី រហូតដល់ពួកគេអាចដាំបន្លែដោយជោគជ័យ ។
ក្រៅពីនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានទាក់ទាញក្រុមហ៊ុនបរទេសផ្នែកកសិកម្ម រហូតដល់ជាង៣៤៨ក្រុមហ៊ុន មកវិនិយោគក្នុងប្រទេសរបស់ខ្លួន ។ វាពុំងាយស្រួលទេ ដែលអ៊ីស្រាអែលអាចប្រែក្លាយវាលខ្សាច់ឱ្យក្លាយជាកសិដ្ឋានដាំបន្លែទំនើបទាន់សម័យ ។ ទោះបច្ចុប្បន្ន ផ្នែកកសិកម្មផ្តល់ចំណូលចូលជាតិបានត្រឹមតែ២% ក្តី ដោយសារសេដ្ឋកិច្ចភាគច្រើនពាក់ព័ន្ធនឹងផលិតផលបច្ចេកវិទ្យាទំនើប ប៉ុន្តែអ៊ីស្រាអែលអាចផលិតទិន្នផលកសិកម្មគ្រប់គ្រាន់ និងនាំចេញផងដែរ ។
អ៊ីស្រាអែលបានទទួលយកពលករបរទេសយ៉ាងច្រើនមកធ្វើការងារផ្នែកកសិកម្ម បើទោះជាបច្ចុប្បន្ន អ៊ីស្រាអែលកំពុងមានសង្គ្រាមជាមួយក្រុមហាម៉ាស់ក្តី ប៉ុន្តែវាពុំមែនជាឧបសគ្គសម្រាប់ពលករបរទេសទេ គឺពួកគេសុខចិត្តធ្វើការងារកសិកម្មនៅទីនេះបន្តទៀត ដោយសារទទួលបានប្រាក់ខែខ្ពស់ជាងប្រទេសផ្សេង ។
ហេតុអ្វីអ៊ីស្រាអែលអាចផ្តល់ប្រាក់ខែខ្ពស់ឱ្យពលករបរទេសផ្នែកកសិកម្ម?
អ៊ីស្រាអែល គឺជាប្រទេសនាំមុខផ្នែកបច្ចេកវិទ្យាកសិកម្មលើពិភពលោក ហើយអ៊ីស្រាអែលបានអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកនេះរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែពលរដ្ឋអ៊ីស្រាអែលមានចំនួនតិច ហើយមិនធ្វើការងារកសិកម្ម ។ ហេតុនេះ ទើបអ៊ីស្រាអែលខ្វះខាតកម្លាំងពលកម្មផ្នែកកសិកម្ម ហើយអ៊ីស្រាអែលចាំបាច់ជួលពលករបរទេសមកធ្វើការ និងផ្តល់ប្រាក់ខែឱ្យខ្ពស់ ដូចជា ៖ ការដាំបន្លែ និងបេះផ្លែឈើ ។
ពលរដ្ឋអ៊ីស្រាអែលភាគច្រើនបានធ្វើការផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាផ្សេងៗ ហើយពុំសូវមានអ្នកចាប់អារម្មណ៍ធ្វើការងារកសិកម្មទេ ។ ពលរដ្ឋអ៊ីស្រាអែល៩៩% ធ្វើការផ្នែកឧស្សាហកម្ម និងសេវាកម្ម ។ រីឯពលករបរទេសធ្វើការនៅអ៊ីស្រាអែលច្រើនបំផុត គឺពលករអាស៊ី ដែលទទួលបានប្រាក់ឈ្នួលជាង១ពាន់ដុល្លារអាមេរិកក្នុង១ខែ ។ ថៅកែអ៊ីស្រាអែលនិយមជួលពលករអាស៊ី ដោយសារមានជំនាញផ្នែកកសិកម្ម, ទទួលខុសត្រូវ, ទុកចិត្តបាន និងឧស្សាហ៍ព្យាយាម ៕










