មេសា អ្នកចម្រៀងរ៉េបថ្មីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទម្លាក់បទចម្រៀងមួយបទជាមួយតារាចម្រៀងរ៉េបជួរមុខ វណ្ណដា ដែលជាមេរបស់ខ្លួន។ ទោះយ៉ាងណា ទម្លាក់បានមួយបទ មេសា ស្ងាត់កន្លះឆ្នាំមិនទាន់ទម្លាក់បទថ្មីនៅឡើយខណៈអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំបទថ្មី។
គេចាំបានថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មេសា ដែលជាជំនួយការផ្ទាល់របស់តារារ៉េប វណ្ណដា បានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «ដូចមេ» ធ្វើឱ្យមួយបទនេះផ្ទុះការចាប់អារម្មណ៍ ខណៈ មេសា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាអំឡុងពេលនោះដែលមានឱកាសទម្លាក់បទដំបូងរបស់ខ្លួនបានសហការជាមួយមេផ្ទាល់តែម្តង។ មែនទែនទៅ «ដូចមេ» របស់ មេសា គឺបានផ្តួចផ្តើមតាំងពីឆ្នាំ២០២០ ប៉ុន្តែទើបទម្លាក់នៅក្នុងឆ្នាំ២០២៤។
ក្រោយពីទម្លាក់នេះរួច មេសា ទទួលបានឱកាសឡើងឆាកសម្តែងនៅតាម Pub និងឆាកប្រគំតន្រ្តីផងដែរប៉ុន្តែក៏រងនូវមតិចម្រូងចម្រាសពីសំណាកទស្សនិកជនមួយចំនួនដែលប្រើប្រាស់បណ្តាញសង្គមថាអ្នករ៉េបថ្មី មេសា ពុំទាន់ចេះគ្រប់គ្រងសំឡេងនៅលើឆាកនៅឡើយទេ។
ក្រោយពីចេញបទដំបូងរបស់ខ្លួនទទួលបានការគាំទ្រលើសពីការរំពឹងទុក មេសា បានបង្ហើបបទថ្មីទី២របស់ខ្លួនចំនួន៣៥វីនាទីនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែមេសា ប៉ុន្តែមកទល់ពេលនេះមិនទាន់ទម្លាក់បទពេញចែកហ្វេនៗស្តាប់នៅឡើយទេ។
ការខកខនក្នុងការចេញបទចម្រៀងថ្មីពីមេសា រយៈពេលកន្លះឆ្នាំមកនេះតាំងពីចេញបទដំបូងបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញសញ្ញាចង់ឱ្យលោកទម្លាក់បទថ្មីព្រោះពួកគេទន្ទឹងរង់ចាំមកជាយូរហើយ។
គួរបញ្ជាក់ថា មកទល់ពេលនេះបទ ដូចមេ ពី មេសា និង វណ្ណដា មានការចូលស្តាប់ជាង១៨លានដងហើយនៅលើឆាណែលយូធូបរបស់ មេសា ផ្ទាល់ ហើយនេះគឺជាភាពជោគជ័យដ៏ធំរបស់ មេសា ក្នុងជំហានដំបូងលើវិថីអ្នករ៉េប៕