ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ មានគំនិតច្នៃប្រឌិតខ្ពស់ ដែលបាននាំគ្នាបណ្តុះជំនាញកសិកម្ម ដាំបន្លែក្នុងទីធ្លាសាលារៀន។
យោងតាមការបង្ហោះនៅលើគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា (Krou Cambodia) បានចែករំលែករូបថតជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«សិស្សានុសិស្សសាលាអនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ បានប្រមូលផលកសិកម្ម(ដំណាំស្ពៃ) និងបានដាក់លក់ ដើម្បីប្រមូលថវិកា សម្រាប់ទិញគ្រាប់ពូជ និងសន្សំទុក ដើម្បីទិញសម្ភារៈសិក្សាជូនដល់សិស្សមានការលំបាកក្នុងជីវភាព និងមួយផ្នែកទៀតទុកជាឥណទាន»។
ការបង្កើតសួនបន្លែក្នុងបរិវេនសាលារៀននេះ ដែលក្រៅពីបានបង្កើននូវសោភណ្ឌភាពស្រស់ស្អាតក្នុងសាលាហើយ វាក៏ជាការបណ្តុះនូវផ្នត់គំនិតឲ្យសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ បានយល់ដឹងអំពីរបៀបនៃការធ្វើកសិកម្ម ដែលពួកគេនឹងទទួលបានបន្លែធម្មជាតិស្រស់ៗមកបរិភោគ កាត់បន្ថយការចំណាយបានមួយផ្នែក ហើយក៏អាចរកប្រាក់ចំណូលបន្ថែមពីវាផងដែរ។ 
យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនោះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត រហូតដល់មានការសំណូមពរថា បើសាលារៀនទាំងអស់នៅទូទាំងប្រទេសកម្ពុជា បណ្តុះជំនាញកសិកម្ម ដល់សិស្សានុសិស្សគ្រប់ៗរូប មិនដឹងជាល្អយ៉ាងណានោះទេ៕










