មិនថាជាតិសាសន៍ណានោះទេតែងតែមានមនុស្សល្អមនុស្សអាក្រក់។ ទោះបីជាអ្នកលេងបណ្តាញសង្គមមួយចំនួនខាងផ្ទះលេខ២ធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរមិនចូលចិត្តប៉ុន្តែបកគិតមកវិញមនុស្សតែងតែមានល្អអាក្រក់ ស្រលាញ់និងមិនស្រលាញ់ចំពោះយើង។ ជាក់ស្តែង តារាសម្តែងដ៏ល្បីជួរមុខប្រចាំប្រទេសថៃ Weir sukollawat និងតារាស្រី Pitchanart sakhakorn បានផ្សព្វផ្សាយពីប្រាសាទអង្គរវត្តបង្ហាញប្រាប់ទាំងហ្វេនក្នុងស្រុកនិងក្រៅស្រុក។
.png)
កាលពីពេលថ្មីៗនេះ តារាប្រុសល្បីឈ្មោះ Weir sukollawat បាននាំភរិយានិងកូនស្រី ធ្វើដំណើរកម្សាន្តនៅលើទឹកដីខេត្តសៀមរាបនិងបាននិយាយសរសើរពីម្ហូបអាហារតាមតំបន់នៅខេត្តនេះថាឆ្ងាញ់មិនដាច់ពីមាត់។ លើសពីនេះទៅទៀតតាមរយៈវីដេអូមួយទៀតតារាសម្តែងរូបនេះបានបង្ហោះពីការដើរកម្សាន្តនៅប្រាសាទអង្គរវត្តដោយបាននិយាយជាច្រើនដងថាប្រាសាទអង្គរវត្តស្អាតខ្លាំងណាស់។ លើសពីនេះតារាសម្តែង Weir បានសរសើរពីប្រាសាទតាព្រហ្មដែលមានដើមឈើមានអាយុកាលរាប់ពាន់ឆ្នាំកាន់តែធ្វើឱ្យប្រាសាទមានភាពលេចធ្លោទ្វេដង។
គ្រួសារតូចរបស់តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃពិតជាមានភាពរីករាយក្នុងដំណើរកម្សាន្តរបស់ពួកគេខ្លាំងប៉ះទាំងអាកាសធាតុក្តៅ និងប៉ះទាំងអាកាសធាតុពេលធ្លាក់ភ្លៀង។ ជាមួយនឹងវីដេអូកាលពីល្ងាចថ្ងៃទី២៦ សីហា Weir ក៏បានបង្ហោះរូបថតស្អាតៗប្រម៉ូតពីប្រទេសកម្ពុជាជាច្រើនសន្លឹកទាំងប្រាសាទនិង សម្រស់របស់ដើមឈើដ៏ស្រស់ត្រកាល។
មិនត្រឹមតែគ្រួសាររបស់ តារាជួរមុខ Weir ប៉ុណ្ណោះទេដែលជ្រើសមកកម្សាន្តនៅក្នុងខេត្តសៀមរាប ថ្មីៗនេះតារាសម្តែង Pitchanart sakhakorn ក៏បានដឹកដៃស្វាមីមកក្រេបទឹកឃ្មុំនៅប្រទេសកម្ពុជានិងបានចូលរួមផ្សព្វផ្សាយពីប្រាសាទអង្គវត្តដែលមានភាពស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹមដូចគ្នា។
តារាស្រីចំណាំដើរតួកាចឆ្នាសរូបនេះបានបង្ហោះរូបស្អាតៗជាសន្លឹកនៅលើគណនីIG របស់នាងថែមទាំងដាក់ចំណងជើងអក្សរខ្មែរថា «សួស្តី» ដោយបានបង្ហាញប្រាសាទអង្គរវត្ត pubstreet និងបានភ្លក់អាហារតាមផ្លូវជាច្រើនទៀត និងទេសភាពនានាទៀតនៅតំបន់សៀមរាបយ៉ាងមានក្តីសុខជាមួយស្វាមី៕










