អ្នកណាថាទ្វីបអាហ្វ្រិកសម្បូរទៅដោយប្រទេសក្រីក្រច្រឡំធំហើយ ស្ងាត់ៗប្រទេសមួយក្នុងទ្វីបនេះកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿធ្វើឱ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង នៅពេលដែលប្រទេសអេត្យូពីប្រកាសហាមប្រើរថយន្តសាំង ដោយប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ ដើម្បីរក្សាបរិស្ថាន និងដើរឱ្យទាន់សម័យកាល។
នេះបើយោងតាម CNN រថយន្តអគ្គិសនីល្បីៗជាច្រើនកំពុងមានវត្តមាននៅលើទឹកនៃប្រទេសអាហ្រ្វិកមួយនេះ ដោយបច្ចុប្បន្នអេត្យូពីមានរថយន្តអគ្គិសនីប្រមាណ ១០ ម៉ឺនគ្រឿងទូទាំងប្រទេស។ 
ដោយសារតែគោលនយោបាយដ៏អង់អាចរបស់ប្រទេសអេត្យូពីកាលពីដើមឆ្នាំ ២០២៤ ក្នុងការហាមឃាត់ការនាំចូលរថយន្តដឹកអ្នកដំណើរដែលប្រើសាំងទាំងអស់។ រដ្ឋាភិបាលអេត្យូពីបានប៉ាន់ប្រមាណថាចំនួនរថយន្តអគ្គិសនីនឹងកើនឡើងបួនដងនៅឆ្នាំ ២០៣២ ធ្វើឱ្យប្រទេសអេត្យូពីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានហាមឃាត់ការនាំចូលរថយន្តសាំង។ ប្រទេសនៅអាហ្រ្វិកនេះក៏បានកែសម្រួលពន្ធគយលើរថយន្តនាំចូលផងដែរ ដោយពន្ធលើយានជំនិះដែលប្រើសាំងមានរហូតដល់ ២០០% មុនពេលការហាមឃាត់ ខណៈដែលពន្ធនាំចូលលើរថយន្តអគ្គិសនីដែលបានដំឡើងពេញលេញមានត្រឹមតែ ១៥% ប៉ុណ្ណោះ។
នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយរដ្ឋាភិបាលក្នុងការដាក់រថយន្តអគ្គិសនីបន្ថែមទៀតនៅតាមដងផ្លូវ។ អត្រាពន្ធទាបក៏ជំរុញការផលិតរថយន្តអគ្គិសនីក្នុងស្រុកផងដែរ។ រថយន្តរាប់រយគ្រឿងត្រូវបានប្រមូលផ្តុំដោយក្រុមហ៊ុន Belayneh Kindie Group ដែលមានមូលដ្ឋាននៅប្រទេសអេត្យូពី ដោយប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិន។ នាយក Besufekad Shewaye បានប្រាប់ CNN ថាពន្ធនាំចូលគឺ “ស្ទើរតែសូន្យភាគរយ” លើគ្រឿងបន្លាស់រថយន្តអគ្គិសនីដែលបានដំឡើងនៅក្នុងប្រទេសអេត្យូពី។ 
Shewaye បាននិយាយថា “សព្វថ្ងៃនេះ ម្ចាស់រថយន្តភាគច្រើនចូលចិត្តរថយន្តអគ្គិសនី ជាពិសេសរថយន្តធុនស្រាល… ដោយតម្រូវការកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ បច្ចុប្បន្នការរីកចម្រើននៃរថយន្តអគ្គិសនីនៅទូទាំងទ្វីបអាហ្រ្វិកគឺកំពុងមានការកើតឡើងមិនគួរឱ្យជឿ ទោះបីជាគ្មានការហាមឃាត់ក៏ដោយ។ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ម៉ូតូអគ្គិសនីកំពុងមានការរីកចម្រើនខ្លាំងមិនធ្លាប់មាន ហើយនៅបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្វ្រិកកំពុងសម្លឹងមើលរថយន្តអគ្គិសនីបន្ថែមទៀត។ នេះសរបញ្ជាក់ឱ្យឃើញថាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ៕










