ថ្មីៗនេះតុក្កតា Hello Kitty បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារម៉ូដជុំវិញពិភពលោក ហើយត្រូវបានលក់ដាច់អស់ពីស្តុក មិនចាញ់តុក្កតា Labubu ឡើយ។ យោងតាមទស្សនាវដ្តី Vogue នាពេលបច្ចុប្បន្ននេះ Hello Kitty បានក្លាយជានិន្នាការដ៏ពេញនិយមមួយមិនថាកុមារឬមនុស្សវ័យកណ្តាលសុទ្ធតែចូលចិត្តតុក្កតាឆ្មាដ៏ល្បីល្បាញនេះ បន្ទាប់ពីក្រុមហ៊ុនផលិតតុក្កតាបានរៀបចំពិធីខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់តួអង្គឆ្មា Hello Kitty។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មាន Hollywood Reporter បានឱ្យដឹងថា ផលិតផលម៉ូដដូចជាសម្លៀកបំពាក់មានរូប Kitty វ៉ែនតា Kitty ស្បែកជើង Kitty និងសម្ភារៈជាច្រើនទៀតរបស់ម៉ាកល្បីៗ Adidas, Champion, Crocs, Forever 21 និង OPI បានកំពុងលក់ដាច់អស់គ្មានសល់ ហើយទំនិញខ្លះក៏ត្រូវបានលក់ដាច់អស់ពីស្តុកតែម្តង។ លើសពីនេះតារាម៉ូឌែលល្បីៗជាច្រើនក៏បានស្លៀកឈុតតុក្កតា Kitty បង្ហាញម៉ូដលើឆាកអន្តរជាតិផងដែរ ដែលនេះនឹងធ្វើឱ្យឧស្សាហកម្មម៉ូដ Hello Kitty កាន់តែល្បីល្បាញខ្លាំងឡើង។
នាយកប្រតិបត្តិក្រុមហ៊ុន Forever 21 Winnie Park បានប្រាប់ទស្សនាវដ្តី Vogue ថាមុនថ្ងៃបើកសម្ពោធក្នុងខែកក្កដា អ្នកគាំទ្របានតម្រង់ជួរនៅមុខហាងដើម្បីទិញផលិតផលម៉ូដរបស់យើង។ ហើយម៉ាកយីហោម៉ូដតាមដងផ្លូវផ្សេងទៀតក៏បានដាក់បង្ហាញផលិតផលម៉ូដ Hello Kitty ផងដែរ។ តុក្កតា Hello Kitty គឺជាតួអង្គប្រឌិតដែលរចនាដោយ Yuko Shimizu នៃក្រុមហ៊ុនជប៉ុន Sanrio បានចាប់ផ្តើមនៅឆ្នាំ ១៩៧៤ និងបង្ហាញខ្លួនដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៦។ ឆ្មាដ៏ល្បីល្បាញនេះមានរូបរាងស្អាត និងគួរឱ្យស្រឡាញ់ គឺជាផលិតផលនៃវប្បធម៌ kawaii (cute)។ 
គួរបញ្ជាក់ដែរថា អស់ជាច្រើនទស្សវត្សមកហើយ Hello Kitty នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យជាច្រើន រួមទាំងម៉ូដ និងសម្រស់ផងដែរ។ តុក្កតានេះត្រូវបានគេជឿថានឹងជំនួសតំណែងតុក្កតា Labubu នាពេលខាងមុខ។ ដោយតារាពិភពលោកមួយរូបគឺ Jennie Blackpink កាលពីពេលថ្មីៗនេះក៏បានស្លៀកខោជើងធំដែលមានលំនាំតុក្កតា Kitty ដែរ ហើយ Jisoo Blackpink ក៏ជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Hello Kitty ផងដែរ មិនថាខ្សែដៃ ខ្សែក ស្រោមទូរស័ព្ទ បន្តោងសោរ សុទ្ធតែមានរូបតុក្កតា Kitty ទាំងអស់៕










