នាប៉ុន្មានថ្ងៃកម្ពុជា ទទួលរងនូវឥទ្ធិពលព្យុះទី៥ “ម៉ារីយ៉ា” ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងខ្យល់កន្រា្តក់ ដែលអាចបង្កជាហានិភ័យ មានបាតុភូតរន្ទះកើតឡើង។
ហេតុដូច្នេះ ពលរដ្ឋគួរណាស់តែសិក្សា និងឈ្វេងយល់ពីការការពារបាតុភូតរន្ទះ ដែលអាចកើតឡើងនៅក្នុងប្រការណាមួយ នារដូវវស្សានេះ។
ខាងក្រោមនេះជាគន្លឹះខ្លះៗ ដែលអាចការពារបងប្អូនប្រជាពលរដ្ឋពីការត្រូវរន្ទះបាញ់៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ
គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់ គឺបណ្តាលមកពីការគាំងបេះដូង។ នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង៕
		
	









