នៅយប់ថ្ងៃទី៦ ខែសីហា Suga សមាជិកក្រុម BTS ត្រូវបានប៉ូលិសរកឃើញនៅ Yongsan-gu ទីក្រុងសេអ៊ូល បន្ទាប់ពីធ្លាក់ពីលើម៉ូតូអគ្គិសនី(electric scooter )ខណៈពេលស្រវឹង។ ជាតិអាល់កុលក្នុងឈាមរបស់លោកគឺលើសពី ០.០៨% ដែលជាកម្រិតសម្រាប់ការដកហូតប័ណ្ណបើកបរ។
គ្រោះថ្នាក់ថ្មីៗនេះរបស់ Suga បានជំរុញឱ្យមានការពិភាក្សាគ្រោះថ្នាក់កន្លងមករបស់លោក។ មុនពេលបង្ហាញខ្លួនដំបូងជាសមាជិក BTS ក្នុងឆ្នាំ២០១២ Suga បានរងរបួសស្មាក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងធ្វើការជាអ្នកបើកបរដឹកជញ្ជូន។ របួសដែលដាច់ស្មាបានបង្ខំឱ្យលោកបោះបង់ការរាំ។ ការឈឺចាប់ពីឧបទ្ទវហេតុនេះនៅតែបន្តកើតមាន ហើយនៅឆ្នាំ២០១៩ Suga ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការរហែក labrum នៅស្មាខាងឆ្វេងរបស់លោក ដែលនាំទៅដល់ការវះកាត់នៅឆ្នាំបន្ទាប់។ ភ្នាក់ងាររបស់Sugaបានពន្យល់ថា Suga បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីធានាថាលោកមានសុខភាពល្អសម្រាប់ការបម្រើយោធារបស់ខ្លួន និងអាជីពតន្ត្រីនាពេលអនាគត។ នៅទីបំផុត Suga បានចាប់ផ្តើមសេវាយោធាជំនួសក្នុងនាមជាបុគ្គលិកសេវាសាធារណៈក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែរបួស។
ថ្វីដ្បិតតែគ្រោះថ្នាក់នាពេលកន្លងមកនេះ មានសារៈសំខាន់យ៉ាងណាក្តី អ្នកគាំទ្រ និងសាធារណជនកំពុងចោទជាសំណួរថា ហេតុអ្វីបានជា Suga ជ្រើសរើសជិះម៉ូតូអគ្គីសនី នៅលើផ្លូវដែលមានយានជំនិះក្នុងល្បឿនលឿន ខណៈពេលដែលស្រវឹងទាំងខ្លួនឯងធ្លាប់ជាជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍មកហើយ។
ដំបូងឡើយ Suga និងភ្នាក់ងាររបស់លោក បាននិយាយនៅក្នុងការសូមទោសដែលលោកបានជិះក្តារទាត់អគ្គិសនី Kickboard ។ ទោះជាយ៉ាងណាក៏ដោយ នៅពីថ្ងៃទី ៧ ខែសីហា វីដេអូរបស់ CCTV បានបង្ហាញដោយ «Newsroom» របស់ JTBC ហើយរបាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា Suga បានកំពុងជិះ scooter អគ្គិសនីដែលមានកៅអី។ ខណៈពេលដែលទាំងក្តារទាត់អគ្គិសនី និង scooter អាចបណ្តាលឱ្យមានការព្យួរប័ណ្ណបើកបរ ឬការដកហូត និងការផាកពិន័យ ប្រសិនបើចាប់បានការបើកបរក្រោមឥទ្ធិពលនោះ scooter អគ្គិសនីដែលមានល្បឿនលើសពី ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយជាមួយនឹងសមត្ថភាពម៉ាស៊ីនខ្ពស់អាចនាំឱ្យមានការផាកពិន័យរហូតដល់ ១០ លានវ៉ុន ឬដាក់ពន្ធនាគារ។
នៅពេលដែលភាពចម្រូងចម្រាសលើ «ការពន្យល់មិនពិត» បានកើនឡើង BigHit Music បានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដោយពន្យល់ថាពួកគេបានកំណត់អត្តសញ្ញាណ scooter ដោយច្រឡំថាជាក្តារទាត់ដែលមានកៅអី។ ពួកគេបានសង្កត់ធ្ងន់ថាមិនមានចេតនាបន្ថយឧប្បត្តិហេតុនោះទេ។ ទីភ្នាក់ងារនេះក៏បានបញ្ជាក់ផងដែរថា ពួកគេមិនបានដឹងទេថា បញ្ហានេះនៅតែស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពី Suga ត្រូវបានបញ្ជូនមកផ្ទះវិញ បន្ទាប់ពីការធ្វើតេស្តខ្យល់ដង្ហើម ហើយបានសន្យាថានឹងសហការពេញលេញជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិសដែលកំពុងបន្ត៕










