ទីបំផុតតារាសម្តែងរូបសង្ហា ប៊ឺរី បានបើកចំហរចំណងស្នេហ៍ជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា ហើយបន្ទាប់ពីលេចរូបភាពស្និទ្ធស្នាលមួយរយៈមកនេះ។ ទោះយ៉ាងណា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានទាំងអ្នកចូលរួមអបអរ មានទាំងអ្នកបញ្ចើចបញ្ចើដោយសារតែ ម៉ាដាម ដា ទើបប្រកាសបែកស្នេហ៍៨ឆ្នាំពី ប៉ាអយ ខណៈ ជូឌី ជាអ្នកចម្រៀងម្នាក់បានបង្ហាញការឈឺចាប់ជុំវិញសម្ព័ន្ធភាពជាមួយនឹង ប៊ឺរី ។
កាលពីល្ងាចថ្ងៃទី៨ សីហា តារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គមមានឈ្មោះថា «មាស វឌ្ឍនៈសម្បត្តិ-Berry » បានប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ 
ជាមួយការបើកចំហរចំណងស្នេហ៍នេះ តារាសម្តែង ប៊ឺរី ក៏បាននិយាយដែរថាសូមកុំឱ្យមានការយល់ច្រលំវាយប្រហារទៅលើម៉ាដាម ដា ថាបែបនេះបែបនោះ។ លោកក៏លើកឡើងដែរថា ការឆាប់បញ្ចេញមតិរបស់មហាជនគឺអាចសម្លាប់មនុស្សបានព្រោះអាចធ្វើឱ្យមានការបាក់ទឹកចិត្តទាំងមិនទាន់ដឹងការពិតហើយឆាប់វិនិច្ឆ័យលឿនពេក។
ទំនាក់ទំនងការងារពី BA ផលិតផលរហូតឈានដល់សម្ព័ន្ធភាពស្នេហានេះមានទស្សនិកជនមួយចំនួនក៏បានសម្តែងក្តីត្រេកអរចំពោះអ្នកទាំងពីរនិងបានសរសើរថាស័ក្តិសមជាមួយគ្នា។ ចំណែកមតិមួយចំនួនទៀតបានបញ្ចេញមតិបញ្ចើចបញ្ចើក្នុងទំនាក់ទំនងមួយនេះ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «កុំបកស្រាយអ្វីទាំងល្អជាង ស្រលាញ់អីស្រលាញ់ទៅ ធម្មតាទៅ អ្នកណានិយាយអីនិយាយទៅ មិនដឹងមិនឮយូរៗទៅលែងមានរឿងអីហើយ កាន់តែនិយាយកាន់រឿងច្រើនហូរហែដូចរឿងភាគ, មិចនិងងាយប៉ះបានបើគាត់ស្រលាញ់ស្រីដូចគ្នានិងហើយបែកភ្លាមយកប្រុសភ្លេតនិយាយតាមការមើលឃើញទេ, ខាងស្រីបែកពីប៉ាអយមិនទាន់បានប៉ុន្មានថ្ងែផងមានប្រុសថ្មី»។ អ្នកផ្សេងទៀតថា «ល្បិចបោកស្នេហ៍ប្រុសព្រានត្រូវបានជោគជ័យជាស្ថាពរ, លើលោកនឹងរឿងអីក៏អាចកើតឡើងបានដែរដោយសារតែលុយ និងការបញ្ចេញមតិយោបល់ចម្រុះជាច្រើនទៀត»។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី៩ កក្កដា ឆ្នាំ២០២៤ ម៉ាដាម ដា បានប្រកាសបញ្ចប់ទំនាក់ទំនងជាសាធារណៈជាមួយគូស្នេហ៍ភេទដូចគ្នា ប៉ាអយ ដែលជាជនជាតិថៃ។ យ៉ាងណាអ្នកជំនួញរូបនេះបានបញ្ជាក់ថា ស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរ បានបញ្ចប់មួយរយៈធំមកហើយមុននឹងប្រកាសជាសាធារណៈនេះ។ ជាមួយគ្នានេះដែរ កាលពីចុងខែកក្កដា អ្នកចម្រៀងម្នាក់ឈ្មោះថា ជូឌី បានបង្ហាញការឈឺចាប់របស់ខ្លួនជាមួយនឹងសម្ព័ន្ធតារាសម្តែង ប៊ឺរី ដោយបានភ្ជាប់មកជាមួយចំណងជើងថា « ១ឆ្នាំមកនេះ មានតែយើងពីរនាក់ទេដែលយល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងារ និងលុយចុងក្រោយបងថា បងគ្មានជម្រើសទេ»៕










