បរទេស៖ ថ្មីៗនេះករណីនៃមេរោគអុតស្វាកំពុងកើនឡើងយ៉ាងខ្លាំងនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ដែលបង្កឱ្យមានការព្រួយបារម្ភថាជំងឺនេះអាចនឹងរីករាលទូទាំងពិភពលោក។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ចំនួនករណីជំងឺអុតស្វានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកើនឡើងដល់ជាង ១៤,០០០ ករណីហើយ ដោយមានអ្នកស្លាប់ចំនួន ៥១១ នាក់។ ជំងឺដ៏គ្រោះថ្នាក់នេះក៏រីករាលដាលដល់ប្រទេសជិតខាងចំនួនបួននៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរគឺ Burundi, Kenya, Rwanda និង Uganda ដែលប្រទេសទាំងបួននេះមិនដែលកត់ត្រាករណីកើតជំងឺស្វាពីមុនមកទេ។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ ថាពួកគេមានគម្រោងនឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយក្នុងពេលឆាប់ៗនេះដើម្បីកំណត់ថាតើការផ្ទុះឡើងជំងឺអុតស្វាគឺជាគ្រាអាសន្នសុខភាពសាធារណៈសកម្មឬយ៉ាងណា។ ជំងឺអុតស្វា ឬហៅថា Monkeypox គឺជាជំងឺមេរោគម្យ៉ាងដែលអាចឆ្លងរវាងមនុស្ស និងសត្វដែលមានមេរោគ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជាការស្ទាបអង្អែល ការថើប ឬការរួមភេទ ក៏ដូចជាតាមរយៈរបស់របរ ពូក សម្លៀកបំពាក់ និងម្ជុលជាដើម។ រោគសញ្ញារួមមានគ្រុនក្តៅ កន្ទួលរមាស់ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង អស់កម្លាំង និងហើមកូនកណ្តុរ។ 
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជំងឺនេះត្រូវបានកត់ត្រាជាចម្បងនៅអាហ្រ្វិកកណ្តាល និងខាងលិច ប៉ុន្តែវាក៏ចាប់ផ្តើមរីករាលដាលដល់អឺរ៉ុប និងអាមេរិកខាងជើងក្នុងឆ្នាំ ២០២២ ផងដែរ។ Monkeypox អាចបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់ទៀតផង ទោះជាយ៉ាងណាជំងឺនេះក៏មិនមានភស្តុតាងណាមួយដែលបង្ហាញថាវាងាយឆ្លងនោះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មកសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីសង្ស័យជំងឺអុតស្វាចំនួន ២២,០០០ ដោយមានអ្នកស្លាប់ចំនួន ១,២០០ នាក់ហើយ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន WHO បានណែនាំអ្នកដែលប៉ះមនុស្សឈឺ ឬមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ ឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វា។ ដោយប្រទេសចំនួនពីរនៅក្នុងតំបន់អាហ្រ្វិក នីហ្សេរីយ៉ា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអនុម័តការប្រើប្រាស់វ៉ាក់សាំងជំងឺអុតស្វាសម្រាប់គោលបំណងសង្គ្រោះបន្ទាន់។ លោក Tedros បាននិយាយថាការបញ្ឈប់ការរីករាលដាលនៃជំងឺស្វានឹងតម្រូវឱ្យមានការឆ្លើយតបយ៉ាងទូលំទូលាយនិងជាអន្តរជាតិ។ WHO ក៏បានអំពាវនាវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺនេះឱ្យបានឆាប់បំផុត៕










