លីវ ជីលី បវរកញ្ញាដំបូងដែលបញ្ចេញមតិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនជុំវិញការលើកឡើងរបស់កញ្ញា។ បវរកញ្ញារូបនេះបានប្រើសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋមួយរូបដោយស្នើសុំឱ្យរដ្ឋាភិបាលងាកមើលប្រជាជនដែលមិនយល់ស្រប។ ក្រោយពីការទទួលបានការគាំទ្រពីមហាជន លីវ ជីលី បានបញ្ចេញមតិថែមទៀតដោយបានលើកឡើងថា «ផ្ទះយើងមានទ្រព្យសម្បត្តិច្រើនជឿទេថាមិនមានចោរចង់បាន៩៩ឆ្នាំ»។
នៅយប់ថ្ងៃទី៣១ ខែកក្កដា លីវ ជីលី Miss Supranational Cambodia 2023 បានបង្ហោះវីដេអូរយៈពេល២០វិនាទីដោយមានការស្រក់ទឹកភ្នែកព្រោះឃើញមតិយោបល់របស់ប្រជាពលរដ្ឋជាច្រើនដូចបេះដូងនាងណាស់។ ជាមួយនឹងវីដេអូខ្លីនេះ បានបន្ថែមខ្លឹមសារនៅលើចំណងជើងវីដេអូថា «បានឃើញអំពីទឹកចិត្ត និងស្តាប់មតិរបស់ប្រជាជនកម្ពុជា ខ្ញុំពិតជារំភើប ដែលជាប្រជាជនស្រលាញ់ទឹកដី។ ខ្ញុំពិតជាមិនទុកចិត្តអ្នកក្រៅពិតមែន ឪពុកម្តាយគួរតែទុកចិត្តកូនខ្លួនឯងច្រើនជាងអ្នកក្រៅ ផ្ទះយើងមានទ្រព្យសម្បត្តិច្រើន ជឿទេថា មិនមានចោរចង់បាន ៩៩ឆ្នាំ»។ 
បវរកញ្ញាដែលតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិចំនួន២ដងរូបនេះបានលើកឡើងបន្ថែមទៀតថា «ពីមុនយើងធ្លាប់ជួបហើយថាគេយកបានអ្វីខ្លះពីផ្ទះយើង ធ្វើឱ្យកូនៗមានការចងចាំនិងមានការបែកបាក់គ្នា ម្នាក់ទៅផ្សេង ម្នាក់ទៅផ្សេង !ងាក មើលកូនៗខ្លះផងលោកពុក អាណិតកូនៗបានត្រឹមតែលួចយំបែបនេះឬ?»។
មុននឹងការលើកឡើងនេះ លីវ ជីលី បានបង្ហោះសំណេរចំនួនពីរនៅលើបណ្តាញសង្គមដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។ ក្នុងសំណេរទី១ លីវ ជីលី បានសរសេរថា«ប្រទេស១ខ្លាំង គឺមានប្រជាជនខ្វល់ខ្វាយរឿងប្រទេសជាតិ (ប្រជាជន សម្បូរទៅដោយចំណេះដឹង ត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ ឱ្យបានច្បាស់) ព្រោះយើងមានឈាមជ័រជាខ្មែរបេះដូងជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញមតិ ថែរក្សានូវអ្វីដែលខ្មែរមាន ដូនតាប្រឹងប្រែងខ្លាំងណាស់ទុកកេរ្តិ៍ឱ្យយើងថែរ តាំងពីទឹកដីដ៏ធំទូលាយ ប្រាង្គប្រាសាទ ប្រពៃណីសិល្បៈវប្បធម៌ទំនៀមទំលាប់ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ បើយើងមិនស្រលាញ់ជាតិ បានអ្នកណាមកស្រលាញ់ ជាតិមាតុភូមិរបស់យើង(ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន )(អត់ចូលចិត្តទេវប្បធម៌ច្រែះស៊ីដែក)។ ក្នុងនាមខ្ញុំជាបរវកញ្ញាមួយរូប ជាពលរដ្ឋមួយនាក់ មានសិទ្ធិក្នុងការបញ្ចេញមតិ ដូចពលរដ្ឋដទៃទៀត សូមរាជរដ្ឋាភិបាលងាកមើលប្រជាពលរដ្ឋដែលមិនយល់ស្របផង»។
ជាមួយនឹងការលើកឡើងខាងលើជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) សំណេរទីពីរ លីវ ជីលី បានសរសេរថា «ប្រសិនបើ(អ្នកឧកញ៉ា ឬឧកញ៉ា ឬ ឯកឧត្តមលោកជំទាវ មានលទ្ធភាព ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ តំបន់ទាំងនោះ កុំពឹងដង្ហើមគេដក រួមទាំងវិស័យសុខាភិបាល និងធ្វើបង្គោលព្រំដែនមានរបងឱ្យច្បាស់លាស់ បងប្អូនយល់យ៉ាងណាដែរ?ប្រៀបបានទៅនឹងផ្ទះយើងរៀងមានសុវត្ថិភាពបន្តិច»៕










