បើតាមក្បួនហុងស៊ុយបានណែនាំថា យើងពុំគួររើសរបស់ពីរនេះនៅតាមផ្លូវដាច់ខាត ឬកុំយកវាទៅផ្ទះឱ្យសោះ ដើម្បីការពារកុំឱ្យយើងជួបនូវរឿងរ៉ាវមិនល្អ ឬសំណាងអាក្រក់កើតឡើងក្នុងក្រុមគ្រួសារ ។ តើលោកអ្នកជ្រាបទេថា របស់ទាំងពីរនេះមានអ្វីខ្លះ?
១-លុយ ៖ បើទោះលុយជានិមិត្តរូបនៃសំណាងល្អក៏ដោយ ប៉ុន្តែតាមជំនឿបុរាណថា ការឃើញលុយ ពុំមែនសុទ្ធតែជារឿងល្អទាំងអស់ទេ ពីព្រោះលុយធ្លាក់នៅលើដី ច្រើនតែបង្ហាញពីសំណាងអាក្រក់ ។ លើសពីនេះ ក៏មានជំនឿការហាមរើសលុយជ្រុះនៅលើផ្លូវផងដែរ ជាពិសេស ពុំគួររើសលុយ៣ប្រភេទ ដូចខាងក្រោម ៖
*ហាមរើសលុយដែលបានបត់ជារូបរាងផ្សេងៗ ៖ គេជឿថា លុយបានបត់ជារូបរាងផ្សេងៗ គឺជាលុយប្រើប្រាស់សម្រាប់ធ្វើពិធីអ្វីមួយ ហើយអ្នកធ្វើពិធីនឹងបោះចោលលុយមានរូបរាងប្លែកៗទាំងនេះ ដើម្បីបណ្តេញហេតុការណ៍ ឬសំណាងអាក្រក់ចេញពីជីវិតរបស់គេ ។ ហេតុនេះ បើយើងរើសលុយនេះដាក់តាមខ្លួន មានន័យថា យើងបានប្រមូលសំណាងអាក្រក់ដាក់ខ្លួន ។ ប៉ុន្តែគួរគិតឱ្យបានច្បាស់លាស់ផងដែរ មុនពេលរើសលុយមានរូបរាងប្លែកៗ ពីព្រោះពេលខ្លះ លុយទាំងនេះត្រូវបានគេធ្វើជ្រុះក៏មាន ។
*លុយធ្លាក់លើផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ ៖ ពេលឃើញលុយធ្លាក់លើផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺយើងពុំគួររើសលុយទាំងនេះទុកឡើយ ពីព្រោះលុយទាំងអស់ជាកម្មសិទ្ធិរបស់អ្នកដទៃ ។ បើយើងរើសលុយទាំងអស់មកទុក គឺវានឹងធ្វើឱ្យលាភសំណាងរបស់យើងធ្លាក់ចុះ ។ ដូច្នេះ កុំរើសលុយនេះដាច់ខាត ប៉ុន្តែគួរប្រគល់វាទៅឱ្យសមត្ថកិច្ចតាមស្វែងរកម្ចាស់ ។
*លុយត្រូវបានវេចខ្ចប់យ៉ាងល្អ ៖ តាមធម្មតា មនុស្សភាគច្រើនធ្វេសប្រហែសធ្វើឱ្យជ្រុះលុយនៅតាមផ្លូវ គឺអាចមានលុយក្រដាស៥ពាន់ ឬក្រដាស១ម៉ឺន ។ ប៉ុន្តែលុយដែលគេចង ឬវេចខ្ចប់យ៉ាងល្អនោះ គឺជាលុយសម្រាប់ធ្វើពិធីអ្វីម្យ៉ាង ។ វាអាចជាលុយសម្រាប់ធ្វើបុណ្យ ឬជួយជីវិតអ្នកណាម្នាក់ ហើយវាជាលុយសំខាន់បំផុត ។ ហេតុនេះ ហាមរើសទុក ឬកុំយកទៅផ្ទះ ។
ម្យ៉ាងទៀត អ្នកដែលធ្វើឱ្យជ្រុះលុយមុខជាពិបាកចិត្តខ្លាំង និងជួបទុក្ខលំបាក ពីព្រោះលុយទាំងនេះចាំបាច់សម្រាប់ដោះស្រាយបញ្ហាសំខាន់របស់ពួកគេ ។ យើងគួរយកវាទៅប្រគល់ឱ្យសមត្ថកិច្ចដើម្បីស្វែងរកម្ចាស់ ។
២-សម្លៀកបំពាក់បោះចោល ៖ ពេលឃើញសម្លៀកបំពាក់ត្រូវគេបោះចោលនៅតាមផ្លូវ កុំរើសវាឱ្យសោះ ពីព្រោះបើតាមប្រពៃណីក្នុងតំបន់មួយចំនួន គឺគេនិយមព្យួរសម្លៀកបំពាក់តាមផ្លូវសម្រាប់ឱ្យព្រលឹងខ្មោចយកទៅប្រើប្រាស់នៅភពផ្សេង ។ ដូច្នេះ ការរើសសម្លៀកបំពាក់ទាំងនេះ នឹងធ្វើឱ្យអ្នកដទៃពុំអាចបញ្ជូនសម្លៀកបំពាក់ឱ្យព្រលឹងខ្មោចបានទេ ម្យ៉ាងទៀត វាក៏កខ្វក់ផងដែរ ៕










