ប្រទេសចិន៖ ប្រាក់យន់របស់ប្រទេសចិនបានក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនជាងគេទីពីរនៅក្នុងទីផ្សារហិរញ្ញវត្ថុពាណិជ្ជកម្មពិភពលោក ដោយទម្លាក់តំណែងប្រាក់អឺរ៉ូចេញពីទីផ្សារ ខណៈកាលពីមុនប្រាក់អឺរ៉ូគឺជាប្រាក់ដែលគេប្រើច្រើនជាងគេទីពីរក្នុងពិភពលោក។
នេះបើយោងតាមការចុះផ្សាយរបស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) បានឱ្យដឹងថា ចំណែកទីផ្សាររបស់ប្រាក់យន់ក្នុងខែមិថុនា ឆ្នាំ២០២៤ គឺ ៥.៩៩% កើនឡើងខ្លាំងបើធៀបនឹងខែឧសភា ខណៈចំណែកទីផ្សាររបស់ប្រាក់អឺរ៉ូវិញគឺត្រឹមតែ ៥.៩២% ប៉ុណ្ណោះ។
យោងតាមទិន្នន័យ SWIFT នេះមិនមែនជាលើកទីមួយទេដែលប្រាក់យន់បានលើសប្រាក់អឺរ៉ូក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅប្រាក់យន់របស់ចិនក៏បានយកឈ្នះប្រាក់អឺរ៉ូផងដែរ។ ទោះជាយ៉ាងណាការកាន់កាប់ចំណែកទីផ្សារដ៏ធំបំផុតនៅក្នុងវិស័យនេះនៅតែជាប្រាក់ដុល្លារ USD ដែលមានច្រើនជាង ៨០%។ ប៉ុន្តែបន្ទាប់ពីប្រាក់ដុល្លារ គឺប្រាក់យន់នេះហើយដែលគេប្រើច្រើនជាងគេទីពីរក្នុងពិភពលោក។

ប្រសិនបើគណនាការទូទាត់ជាសកល ប្រាក់យន់បច្ចុប្បន្នជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតទី ២ នេះជាខែទី ៨ ជាប់ៗគ្នាដែលប្រាក់យន់បានកាន់កាប់តំណែងនេះ ជាមួយនឹងចំណែកទីផ្សារ ៥.៩៩% នៅក្នុងខែមិថុនា ទិន្នន័យនេះបានកើនឡើងបន្តិចធៀបនឹង ៥.០៨% នៅក្នុងខែឧសភា។ ដូច្នេះរូបិយប័ណ្ណដែលប្រើប្រាស់ច្រើនជាងគេបំផុតក្នុងការទូទាត់ជាសាកលបច្ចុប្បន្នគឺ USD, យន់, អឺរ៉ូ, ផោន, និងយ៉េន។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានធ្វើអន្តរកម្មយ៉ាងសកម្មនូវ RMB។ 
ពួកគេខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់ការទូទាត់ឆ្លងប្រទេសនៃរូបិយប័ណ្ណនេះ។ ជាឧទាហរណ៍ ប្រទេសនេះបានបង្កើតធនាគារទូទាត់ប្រាក់យន់ក្នុងទីផ្សារបរទេស ហើយពួកគេក៏បានពង្រីកប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែន (CIPS) ផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសមួយចំនួនដូចជារុស្ស៊ី និងប្រេស៊ីលក៏បានបង្កើនការប្រើប្រាស់ប្រាក់យន់ក្នុងបរិបទនៃការខ្វះខាតប្រាក់ដុល្លារផងដែរ។ ទន្ទឹមនឹងនេះប្រទេសចិនកាលពីឆ្នាំមុនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយអាហ្សង់ទីនទៀតផង៕










