ប្រទេសចិន ៖ ព្រៃថ្ម «Shilin Stone Forest» ស្ថិតនៅស្រុកលូណាន ភាគខាងកើតទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ត្រូវបានគេចាត់ទុកថា គឺជាឧទ្យានជាតិព្រៃថ្មដ៏ធំបំផុតលើពិភពលោក ។ វាលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ប្រកបដោយភ្នំថ្មខ្ពស់-ទាបឆ្លាស់គ្នា បង្កើតបានជាទេសភាពស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ។
ឧទ្យានជាតិនេះមានភ្នំថ្ម និងសសរថ្មតូច-ធំនៅលាយឡំចម្រុះគ្នាពាសពេញទាំងអស់ ដែលមានលក្ខណៈជាថ្មកំបោរ ។ កាលពីមុន ថ្មទាំងនេះស្ថិតនៅក្រោមផ្ទៃទឹក ប៉ុន្តែដោយសារការផ្លាស់ប្តូរផ្ទៃដីថ្ម វាបានធ្វើឱ្យថ្មកំបោរទាំងនេះផុសចេញពីផ្ទៃទឹកមក និងប្រែក្លាយជាព្រៃថ្មដ៏ស្រស់ស្អាតនាពេលបច្ចុប្បន្ន ។ គេសន្និដ្ឋានថា ព្រៃថ្មនេះមានអាយុរហូត២៧០លានឆ្នាំឯណោះ ។
បច្ចុប្បន្ន នៅទីនេះ គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ទីក្រុងគុនមីង ខេត្តយូណាន ហើយអាជ្ញាធរចិនបានបើកឱ្យភ្ញៀវទេសចរចូលមកទស្សនាទីនេះនៅផ្នែកខ្លះៗ ។ ភ្ញៀវទេសចរអាចដើរទស្សនាព្រៃថ្មនៅតាមផ្លូវ រហូតដល់ជាង៤០០ផ្លូវ និងមានទីកន្លែងឈប់សម្រាកសម្រាប់មើលទេសភាព ចំនួន២០០កន្លែង ។ គេបានដាក់ឈ្មោះតំបន់នេះថា «ទឹកកួចនៅក្រោមសមុទ្រ» ។
ចំណែកនៅតាមផ្លូវសម្រាប់ឱ្យភ្ញៀវទេសចរដើរទស្សនាឧទ្យានជាតិព្រៃថ្ម គឺមានការប្រគំតន្ត្រី និងការលេងកម្សាន្តជាហូរហែ ព្រមទាំងមានសេវាកម្មជួលស្លៀកពាក់តាមបែបអ្នកស្រុកក្នុងតំបន់ សម្រាប់ឱ្យភ្ញៀវទេសចរថតរូបទៀតផង ។ ការមកកម្សាន្តនៅឧទ្យានជាតិព្រៃថ្ម Shilin Stone Forest ភ្ញៀវទេសចរនឹងបង់ប្រាក់ចំនួន១៧០យាន់ក្នុងម្នាក់ និងបង់ថ្លៃរថយន្តសម្រាប់ទស្សនាព្រៃថ្ម ចំនួន២៥យាន់ទៀត ។ 
ការជិះរថយន្តទស្សនាព្រៃថ្ម គឺមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ពីព្រោះបើពួកគេដើរទស្សនានោះ គឺនឹងចំណាយពេលពេញ១ថ្ងៃឯណោះ ។ ក្រៅពីនេះ តំបន់មួយទៀតដែលមានទេសភាពស្រស់ស្អាតពុំចាញ់ឧទ្យានជាតិព្រៃថ្ម គឺស្ថិតនៅបរិវេណជុំវិញឧទ្យាននេះ ។ ឧទ្យានជាតិព្រៃថ្ម ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក រួចរាល់ហើយ ៕










