បរទេស៖ ក្រុមហ៊ុន Microsoft ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះបានចេញច្បាប់តម្រូវឱ្យបុគ្គលិកទាំងអស់របស់ខ្លួនប្រើ iPhone ជំនួសឱ្យទូរសព្ទ Android ដើម្បីធ្វើការ ដោយហេតុផលសុវត្ថិភាព ហើយអ្នកដែលមិនមាននឹងត្រូវផ្តល់ឱ្យ iPhone 15 នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ដូច្នេះការចេញច្បាប់ថ្មីដែលតម្រូវឱ្យបុគ្គលិកទាំងអស់ប្រើ iPhone ជំនួសឱ្យទូរសព្ទ Android គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពសុវត្ថិភាពអាជីវកម្ម។
អ្នកតំណាងក្រុមហ៊ុន Microsoft បាននិយាថា ក្រុមហ៊ុនបានចេញច្បាប់ថ្មីនេះតាំងពីចុងឆ្នាំមុនមកម្លេះនៅសហរដ្ឋអាមេរិក ប៉ុន្តែទើបតែចាប់ផ្តើមច្បាប់នេះនៅក្នុងប្រទេសចិនទេ។ អ្នកតំណាងរូបនេះបានបន្តទៀតថា ហេតុផលគឺមកពីការតម្រូវឱ្យបុគ្គលិកប្រើប្រាស់កម្មវិធីផ្ទៀងផ្ទាត់ រួមទាំង Microsoft Authenticator និង Identity Pass នៅពេលចូលប្រើធនធានរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាកម្មវិធីទាំងនេះសុទ្ធតែមាននៅលើ App Store និង Google Play ប៉ុន្តែដោយសារ Google មិនមាននៅក្នុងប្រទេសចិនឡើយ ទើបក្រុមហ៊ុនសម្រេចឱ្យបុគ្គលិកចូលប្រើកម្មវិធីដែលត្រូវការ ដូចជាឧបករណ៍ដែលទទួលពី iOS។
ហេតុនេះជាមួយនឹងការផ្លាស់ប្តូរខាងលើ បុគ្គលិករបស់ Microsoft China គឺមិនអាចប្រើប្រាស់ឧបករណ៍ Xiaomi, Huawei, Redmi, OnePlus និង Oppo សម្រាប់ការងារបាននោះទេ ហើយអ្នកដែលមិនមាន iPhone នឹងត្រូវបានផ្តល់ជូន iPhone 15។ បើយោងតាមអ្នកវិភាគ ការផ្លាស់ប្តូររបស់ Microsoft គឺជាបញ្ហាផ្ទៃក្នុង ប៉ុន្តែអាចបង្កើនភាពខុសគ្នារវាងប្រព័ន្ធអេកូផលិតផលរបស់ប្រទេសចិន និងពិភពលោក ដោយសារវាដកឧបករណ៍ Android ដោយប្រយោលចេញពីកន្លែងធ្វើការ។
គួរបញ្ជាក់ដែរថា កាលពីខែកញ្ញាឆ្នាំមុន WSJ បានរាយការណ៍ថាប្រទេសចិនក៏ធ្លាប់បានហាមឃាត់បុគ្គលិករដ្ឋាភិបាលមិនឱ្យប្រើប្រាស់ iPhone ដែរ។ ដូច្នេះក្រុមហ៊ុនផលិតទូរសព្ទចិនទាំងអស់គឺសុទ្ធត្រូវប្រើប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការ ទោះបីជា Google ត្រូវបានហាមឃាត់ក៏ដោយ ក៏ពួកគេត្រូវតែបង្កើតប្រព័ន្ធប្រតិបត្តិការ និងឃ្លាំងកម្មវិធីផ្ទាល់ខ្លួន៕