ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃសិល្បៈតែងមុខ របស់យុវជនវ៉ាត វ៉ាន់ ដែលបានធ្វើការផាត់ទៅលើតួអង្គខ្មោ.ចនៅក្នុងរឿង«ភូមិគ្រឹះ.អាគ.ម» របស់ក្រុមសម្តែងលោក Peypey Dy។
រឿង«ភូមិគ្រឹះអាគម» ក្រោមការដឹកនាំផលិតនិងសម្តែងដោយក្រុមលោក Peypey Dy ដែលគ្រោងនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខ ខណៈរឿងមួយនេះគឺការទន្ទឹងរងចាំយ៉ាងច្រើនពីទស្សនិក។ ជាមួយនឹងការបញ្ជាក់ពីលោកប៉ីប៉ីឌីបានឲ្យដឹងថា «រឿងភូមិគ្រឹះអាគម គឺជាការវិលត្រឡប់របស់ពួកយើង ហើយជាគម្រោងដ៏ធំមិនធ្លាប់មានចំពោះក្រុមយើង»។
កាលពីថ្ងៃទី១៩ ខែមិថុនា យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោកវ៉ាត វ៉ាន់ បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពតុបតែងមុខឲ្យតួអង្គសម្តែងក្នុងរឿងនេះ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«នេះជាការផាត់មុខខ្មោច Projectថ្មី ក្នុងរឿង (ភូមិគ្រឹះអាគម) ថ្ងៃPosterរឿង។ Team បង Pey Pey Dy គឺ bestណាស់! យើងមានការកែទម្រង់ផាត់ខ្លះៗ នេះមកបង្ហាញទម្រង់ចាស់បន្តិច។ អរគុណដល់អ្នកដឹកនាំរឿង និងក្រុមការងារទាំងអស់ដែលព្យាយាមផលិតនូវរឿងមួយនេះឡើង ហើយខ្ញុំពិតជារីករាយណាស់ដែលបានរួមចំណែកក្នុងរឿងនេះផងដែរ»។
គួរបញ្ជាក់ដែរថា លោក វ៉ាត វ៉ាន់ គឺជាយុវជនខ្មែរមួយរូប ត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅ យុវជនដ៏ឆ្នើមនេះបានឈ្នះពានរង្វាន់ video graphy ទៅលើគំនូរការគូរមុខសិល្បៈចម្រុះពីការប្រកួតប្រជែងស្នាដៃសិល្បៈក្នុងកម្មវិធី ពិពណ៌អនាគតយុវជន ក្រោមប្រធានបទ (សកម្មភាពអ្នក អនាគតអ្នក) ដែលរៀបចំដោយអង្គការសហប្រជាតិនៃកម្ពុជាផងដែរ៕
 
		 
	









