សម្រស់របស់មនុស្សយើងមិនដូចគ្នាទេ អ្នកខ្លះមានសម្រស់សមស្របនឹងអាយុរបស់ខ្លួន ហើយអ្នកខ្លះទៀតអាយុច្រើនមុខក្មេង រីឯអ្នកខ្លះវិញអាយុតិចតែមុខចាស់។ មូលហេតុដែលបណ្តាលឱ្យមនុស្សមួយចំនួនមានសម្រស់ចាស់ជាងវ័យ គឺដោយសារកត្តាជាច្រើន បូករួមនឹងទម្លាប់ប្រចាំថ្ងៃផ្សេងៗផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់បានសុខភាពល្អ រាងកាយមាំមួន សម្រស់ក្មេងជាងវ័យ កុំខ្ជិលធ្វើរឿងទាំង ៤ យ៉ាងនេះឱ្យសោះ ប្រសិនបើអ្នកនៅតែខ្ជិលមិនបាច់ឆ្ងល់ទេ នេះជាមូលហេតុដែលធ្វើឱ្យអ្នកមុខចាស់។
១.ខ្ជិលហាត់ប្រាណ៖ ការមិនហាត់ប្រាណគឺជាទម្លាប់ដ៏អាក្រក់បំផុតដែលមនុស្សមួយចំនួននៅតែធ្វើដោយសារពួកគេខ្ជិល។ ជាការពិតណាស់សកម្មភាពរាងកាយ និងលំហាត់ប្រាណទៀងទាត់គឺល្អសម្រាប់បេះដូង សម្ពាធឈាម ការរំលាយអាហារ… ជាពិសេសចំពោះមនុស្សវ័យកណ្តាល និងមនុស្សចាស់។ លំហាត់ប្រាណមិនត្រឹមតែជួយឱ្យអ្នកមានតុល្យភាព និងរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកមានសម្រស់ស្រស់ស្អាត ស្បែកចាំទៀតផង ក៏ដូចជាជួយការពារពីការឆ្លងជំងឺផ្សេងៗទៀតផង។ 
២.ខ្ជិលផឹកទឹក៖ ទឹកគឺជាសមាសធាតុសំខាន់មួយរបស់រាងកាយ ហើយជាពិសេសបង្កើតឡើងនូវសមាមាត្រដ៏ធំនៃសរីរាង្គសំខាន់ៗដូចជាខួរក្បាល ថ្លើម និងបេះដូង។ ប្រសិនបើអ្នកផឹកទឹកតិចតួច រាងកាយរបស់អ្នកនឹងខ្សោះជាតិទឹកក្នុងរយៈពេលយូរ ដែលធ្វើឱ្យជាតិពុលក្នុងរាងកាយមានការពិបាកក្នុងការកំចាត់។
៣.ខ្ជិលក្នុងការសម្រកទម្ងន់៖ ដឹងទេថាហេតុអ្វីបានជាមនុស្សអាយុវែងច្រើនតែមានរាងកាយស្គម? នោះក៏ព្រោះតែការលើសទម្ងន់គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ធាត់ រលាកសន្លាក់ និងសម្ពាធឈាមកើនឡើង។ ដូច្នេះហើយបើចង់ពន្យារអាយុត្រូវរក្សាទម្ងន់ឱ្យបានសមរម្យ។ ការរក្សារបបអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ អាចជួយឱ្យអ្នកមានតុល្យភាពរាងកាយ រស់នៅប្រកបដោយទំនុកចិត្ត និងសុខភាពល្អ។
៤.ខ្ជិលផ្លាស់ប្តូររបបអាហារ៖ អ្នកខ្លះមានទម្លាប់ញ៉ាំអាហារមិនល្អដូចជាភេសជ្ជៈជាតិផ្អែម អាហារខ្លាញ់ អាហារកែច្នៃ អាហារហឹរ ផឹកស្រា ជក់បារី ដែលនេះបណ្តាលឱ្យអ្នកមានសម្រស់ចាស់ជាងវ័យ និងសុខភាពរាងកាយទ្រុឌទ្រោម។ ដូច្នេះគួរកែទម្លាប់អាក្រក់នេះចេញភ្លាម ដោយអ្នកត្រូវទទួលទានបន្លែបៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី ស៊ុត និងអាហារសុខភាពជាច្រើនទៀត ទោះជាយ៉ាងណាប្រសិនបើអ្នកនៅតែខ្ជិលនោះអ្នកនឹងមានមុខចាស់ជាងអាយុ៕










