សហរដ្ឋអាមេរិក៖ ថ្មីៗនេះយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ប្រទេសអាមេរិកបានរៃអង្គាសប្រាក់ចំនួន ១០ លានដុល្លារដើម្បីបង្កើតវ៉ាក់សាំង Ovax ក្នុងគោលបំណងព្យាបាលការញៀន.ថ្នាំ និងញៀន.ស្រា។
ជាការពិតណាស់ជាតិអាកុលគឺដូចគ្នាទៅនឹងថ្នាំញៀនដែរ ដោយវាមានឥទ្ធិពលខ្លាំងលើខួរក្បាល បង្កើតអារម្មណ៍រីករាយ និងធ្វើឱ្យអារម្មណ៍អវិជ្ជមាន។ អារម្មណ៍ទាំងនេះអាចជំរុញមនុស្សមួយចំនួនឱ្យផឹកស្រាម្តងហើយម្តងទៀត បើទោះបីជាមានហានិភ័យកើតឡើងចំពោះសុខភាពរបស់ពួកគេក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។
ហេតុនេះហើយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Houston របស់អាមេរិកក៏បានបង្កើតវ៉ាក់សាំង Ovax ដោយមានគោលដៅការពារសារធាតុ fentanyl ចូលទៅក្នុងខួរក្បាល បំបាត់អារម្មណ៍នៃការញៀនថ្នាំ និងញៀនស្រា។ ទោះជាយ៉ាងណា អស់រយៈពេលជាយូរមកហើយ គ្មានវិធីសាស្ត្រណាជោគជ័យ ឬធ្វើពាណិជ្ជកម្មឡើយ។ មូលហេតុគឺតម្លៃស្រាវជ្រាវមានតម្លៃថ្លៃ ដោយមិនរាប់បញ្ចូលថ្លៃសេវានាំយកទៅទីផ្សារនោះទេ។ ប៉ុន្តែប្រសិនបើមានថវិការគ្រប់គ្រាន់ ការស្រាវជ្រាវនេះទំនងជាជោគជ័យ ហើយប្រសិនបើជោគជ័យមែនវ៉ាក់សាំង Ovax នឹងរួមចំណែកក្នុងការទប់ស្កាត់ការកើតឡើងវិញ និងមានប្រយោជន៍សម្រាប់អ្នកដែលទទួលរងពីការញៀនថ្នាំ ឬការប្រើប្រាស់ថ្នាំលើសកម្រិត។ 
ដូច្នេះបច្ចុប្បន្នក្រុមហ៊ុនកំពុងចរចាជាមួយក្រុមស្រាវជ្រាវជាច្រើនផ្សេងទៀត ដើម្បីចូលរួមក្នុងការស្រាវជ្រាវវិធីសាស្ត្រទប់ស្កាត់ឥទ្ធិពលនៃអាភៀន ក្នុងគោលបំណងធ្វើពាណិជ្ជកម្មលើស្នាដៃវិទ្យាសាស្ត្រទាំងនេះ។ វ៉ាក់សាំង Ovax ធ្លាប់ត្រូវបានយកទៅពិសោធន៍លើសត្វជាលើកដំបូងក្នុងឆ្នាំ ២០២២ ដោយការធ្វើតេស្តនោះគឺទទួលបានលទ្ធផលល្អ ខណៈវ៉ាក់សាំងបានកាត់បន្ថយការពឹងផ្អែកលើថ្នាំ បំបាត់ការឈឺចាប់ដែលមានសក្តានុពលនៃក្រុមអាភៀន។ ដូច្នេះនៅឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវនឹងបង្កើតវ៉ាក់សាំង Ovax ដើម្បីព្យាបាលមនុស្សម្តង ដែលត្រូវបានគេប៉ាន់ស្មានថានឹងអាចប្រើប្រាស់បាននៅឆ្នាំ ២០២៥។ 
អ្នកជំនាញរបស់សាកលវិទ្យាល័យ Houston បាននិយាយថា ប្រសិនបើមនុស្សចាក់វ៉ាក់សាំង Ovax ថ្នាំនេះនឹងមានប្រសិទ្ធភាពបំផុតជួយការពារមនុស្សមិនឱ្យញៀនថ្នាំ ឬញៀនស្រាឡើយ។ បច្ចុប្បន្ននៅសហរដ្ឋអាមេរិក វិបត្តិអាភៀនបានកើតមានឡើងយ៉ាងខ្លាំង ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានរាយការណ៍ថាមនុស្សជាង ១០០,០០០ នាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំអាភៀនលើសកម្រិត។ ក្នុងចំណោមនោះការពុល fentanyl ជាប់ចំណាត់ថ្នាក់លេខ ១ នៃការស្លាប់របស់មនុស្សអាយុ ១៨ – ៤៥ ឆ្នាំ។ វាត្រូវបានគេប៉ាន់ស្មានថានៅឆ្នាំ ២០២៣ ថ្នាំអាភៀនសំយោគដែលមានផ្ទុកសារធាតុ fentanyl នឹងបណ្តាលឱ្យមានអ្នកស្លាប់ជាមធ្យម ២០៤ នាក់ក្នុងមួយថ្ងៃ៕










