វណ្ណដា បានទទួលដំណឹងមរ.ណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ហើយនៅវេលាម៉ោង២ទៀបភ្លឺនៅឯសហរដ្ឋអាម៉េរិកជាហេតុធ្វើឱ្យតារាចម្រៀងរូបនេះប៉ះទង្គិចផ្លូវចិត្តខ្លាំងបន្តយំមិនឈប់។ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម ថា វណ្ណដា មានពាក្យពេចន៍ច្រើនណាស់ចង់បរិយាយ ប៉ុន្តែត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។
នាយកប្រតិបត្តិបារមីបានសរសេររៀបរាប់នៅលើបណ្តាញសង្គមចេញពីទឹកដីសហរដ្ឋអាម៉េរិកថា «នាងខ្ញុំ ពិតជាមានសេចក្ដីរន្ធត់ចិត្តជាពន់ពេក នៅពេលបានឮដំណឹងមរណភាព របស់លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅម៉ោង ២ និង ១៥ នាទីព្រឹកនៅរដ្ឋកាលីហ្វ័រញ៉ា។ នាងខ្ញុំ កំពុងអង្គុយជាមួយក្រុមការងារបារមីយើង ដែលបានធ្វើដំណើរមកសហរដ្ឋអាម៉េរិក ដើម្បីការប្រគំតន្ត្រីរបស់ពួកយើង ដែលក្នុងនោះរួមមានវណ្ណដា និងវណ្ណថាន។ នៅពេលដែលវណ្ណថានបានទទួល ដំណឹងតាមទូរស័ព្ទរបស់គាត់ថាលោកតាទទួលមរណភាព ក្រុមការងាររបស់យើង បានតក់ស្លុតជាខ្លាំង។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យយើងសោកស្តាយសោកសង្រេងរួមគ្នា។ យើងសរសេរលិខិតនេះឡើង ទាំង អារម្មណ៍ក្តុកក្តួល»។ 
កញ្ញា ឡូរ៉ា ម៉ម បនន្តទៀតថា «ខណៈពេលដែលនាងខ្ញុំកំពុងសរសេរលិខិតនេះផងដែរ វណ្ណដានៅបន្តយំមិនឈប់ ហើយគាត់មិនទាន់បានងើបខ្លួនពីកៅអីនៅឡើយទេ។ នៅពេលនេះ ផ្លូវចិត្តរបស់គាត់កំពុងទទួលការប៉ះទង្គិចជាខ្លាំង។ នាងខ្ញុំដឹងថា គាត់មានពាក្យពេចន៍ជាច្រើនដែលគាត់ចង់បរិយាយ ប៉ុន្តែសម្រាប់នាទីនេះ គាត់នឹងត្រូវការ ការយោគយល់និងពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។ កន្លងទៅថ្មីៗនេះ ពួកយើងមានពេលវេលាដ៏មហស្ចារ្យមួយនៅ មហោស្រពតន្ត្រី Sabaidee Fest នៅពេលដែលមហាជនរាប់ពាន់នាក់ បានលើកទូរស័ព្ទឡើងដើម្បីបំភ្លឺពន្លឺ តាមបទចម្រៀង ‘Time to Rise’។ ជាតិខ្មែរទាំងមូល មិនអាចបំភ្លេចបានទេនូវការផ្តូរផ្តាច់របស់លោកគ្រូ ដើម្បីបន្តវេនរក្សាសិល្បៈខ្មែរ»។

កញ្ញា បានលើកឡើងថា នាងមានសេចក្ដីសោកសៅជាខ្លាំងដែលក្រុមការងារបារមី បានទទួលដំណឹងដ៏ក្រៀមក្រំនេះនៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងខណៈពេលដែលពួកយើងកំពុងនៅឆ្ងាយពីលោកគ្រូ។ កញ្ញា ឡូរ៉ា ម៉ម ថា «នាងខ្ញុំ ប្រាថ្នាចង់មានឱកាសអាចប្រាប់ទៅលោកគ្រូផ្ទាល់មាត់ អំពីឥទ្ធិពលនៃតន្ត្រីរបស់លោកគ្រូ ដែលបានផ្សះផ្សាព្យាបាលផ្លូវចិត្តរបស់ជាតិសាសន៍ និង ប្រជាជនយើង។ លោកគ្រូបានផ្ដល់មកឱ្យពួកយើងនូវក្ដីសង្ឃឹមថ្មីឡើងវិញ»។ ក្នុងនោះដែរ ឡូរ៉ា ម៉ម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារលោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាពិសេសចំពោះភរិយាដ៏អស្ចារ្យរបស់គាត់ គឺលោកយាយ តាត់ ឆេន។ កន្លងមក លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងវត្តមានរបស់គាត់នៅក្នុងបទចម្រៀង «Time To Rise» ។
ទន្ទឹមនឹងនេះ កញ្ញា ឡូរ៉ា ម៉ម មានការសោកស្តាយនិងមានវិប្បដិសារីជាទម្ងន់ ដែលមិនមានឱកាស ដើម្បីជម្រាបជូនលោកតា គង់ ណៃ ម្តងទៀត អំពីសក្ដានុពល និងឥទ្ធិពលដ៏វិជ្ជមានដែលលោកគ្រូមានមកលើប្រជាជនខ្មែរទាំងអស់ពីរឿងដ៏អស្ចារ្យរាប់មិនអស់ពីប្រជាជនខ្មែរជាច្រើននាក់ ដែលបានរៀបរាប់អំពីអត្ថន័យនៃបទចម្រៀងនេះ និង ឥទ្ធិពល ដែលបទចម្រៀងនេះបាន ធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹម និង មានជំនឿចិត្តឡើងវិញចំពោះជាតិសាសន៍ខ្មែរ។
ជាមួយសារដ៏សោកសង្រេងនេះក្នុងនាមជាអ្នកជំនាន់ក្រោយ កញ្ញានិងក្រុមការងារ សន្យាថានឹងបន្ត រក្សានូវមរតកដែលលោកគ្រូបានបន្សល់ទុកអោយអ្នកជំនាន់ក្រោយនឹងបន្តមើលថែរក្សាមរតកនេះ ទៅថ្ងៃមុខឱ្យអស់ពីសមត្ថភាព។ សូមឱ្យលោកគ្រូបានសម្រាកប្រកបដោយសេចក្ដីស្ងប់ក្នុងសុគតិភព។
ងាកទៅកាន់ Story របស់ វណ្ណដា វិញគេបានឃើញតារាចម្រៀងរូបនេះទឹកភ្នែកជោគថ្ពាល់សោកសង្រេងយ៉ាងខ្លាំងដែលមិនអាចអធិប្បាយបានខណៈកំពុងនៅលើទឹកដីប្រទេសគេ មិនអាចមកចូលរួមពិធីបុណ្យសពវីរៈសិល្បករចាប៉ីដងវែង។ វណ្ណដា មានឱកាសសម្តែងបទ «Time To Rise » ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ តែម្តងគត់និងជាលើកចុងក្រោយក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ ក្រោមក្រសែរភ្នែកថ្នាក់ដឹកនាំប្រទេសនិងទស្សនិកជនរាប់ម៉ឺននាក់ហើយនាគ្រានោះធ្វើឱ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក។
ព្រឹទ្ធាចារ្យ គង់ ណៃ វីរសិល្បករចាប៉ីដងវែងមរតកមនុស្សរស់កម្ពុជាបានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតកាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤៕










