ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្តែងរបស់កុមារីមួយក្រុម មកពីក្លឹបសិល្បៈ«ព្រះកាយច័ន្ទ» ដែលបានធ្វើការរាំបទទេវរាជ របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស ថែមទាំងភ្ជាប់ជាមួយនឹងការសម្តែងរបាំប្រពៃណីខ្មែរបានយ៉ាងសមសួនផងដែរ។
កាលពីថ្ងៃទី២៨ ខែមិថុនានេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រ«ព្រះកាយច័ន្ទ ក្លឹប» អមជាមួយនឹងសារមួយឃ្លាថា «បទ៖ទេវរាជ របស់អ្នកមីងទេព បូព្រឹក្ស សម្តែងដោយ Moonlight-ពន្លឺព្រះច័ន្ទ, យើងខ្ញុំ សូមការអធ្យាស្រ័យនូវរាល់កំហុសខុសឆ្គងនឹងកង្វះខាតមួយចំនួនពីលោកគ្រូនិងអ្នកគ្រូផង»។
តាមរយៈវីដេអូ ប្រមាណនឹង ៦ នាទី ដែលបានឲ្យឃើញពីការសម្តែងរបស់ក្រុមកុមារីដ៏គួរឲ្យស្រលាញ់ចំនួន៦នាក់ បានធ្វើការរាំរបាំប្រពៃណីខ្មែរនិងបទទេវរាជ បានយ៉ាងសមសួន លះៗល្អ ត្រូវនឹងការសម្តែងគ្រប់សម័យកាល មិនថាជាបទបុរាណឬសម័យ។ ការសម្តែងនេះទៀតសោត គឺបានប្រព្រឹត្តិទៅនៅឯប្រាសាទទន្លេបាទី និងភ្នំជីសូរ ដែលមិនត្រឹមតែបានបង្ហាញនូវសមត្ថភាពពិសេសរបស់ក្មេងៗជំនាន់ក្រោយដែលត្រូវជាអ្នកស្នងមរត៌កវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកស្ទួយសម្បត្តិអរិយធម៌និងទីតាំងប្រវត្តិសាស្រ្តរបស់ខ្មែរថែមទៀតផង។ 
ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «ទំពាំងស្នងឬស្សីនៅទីនេះសោះសូមសសើរប្អូនៗរាំបានល្អណាស់»។ អ្ននខ្លះថា«ប្រាសាទទនេ្លបាទី + ភ្នំជីសូរ ស្អាតណាស់»។ អ្នកខ្លះទៀតថា«ពិតជាអស្ចារ្យហើយស្រស់ស្អាតខ្លាំងណាស់»។ អ្នកខ្លះទៀតថា«ពិតជាល្អមែនប្អូនអើយ»។
គួបញ្ជាក់ដែរថា ព្រះកាយច័ន្ទក្លឹប គឺជាសាលាបង្រៀនសិល្បៈគ្រប់ទម្រង់ មិនថាជារបាំប្រពៃណី របាំបុរាណ សម័យ ការសម្តែង ការច្រៀង ឬការដើរម៉ូដផ្សេងៗ។ ដោយសង្កេតឃើញថា នៅទីនោះគឺបានលេចវត្តមានកុមារា កុមារី និងយុវវ័យជាច្រើន មានចិត្តចង់ចេះ ចង់រៀនពីសិល្បៈខ្មែរ ដែលត្រូវជាសម្បត្តិវប្បធម៌និងព្រលឹងជាតិ។ ទាំងនេះគឺបានសបញ្ជាក់ពីទំពាំងស្នងឬស្សីដ៏មានគុណភាព ជាអ្នកអរិរក្ស និងស្នងមរត៌កវប្បធម៌ខ្មែរនាពេលអនាគតឲ្យបានស្ថិតស្ថេរ គង់វង្សនិងយូរអង្វែង៕










