នាពេលបច្ចុប្បន្ន បារីអេឡិចត្រូនិច បានវាយលុកជាខ្លាំងចូលទៅកាន់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលភាគច្រើនសិស្សលង់តាមការអូសទាញតាមបណ្តាញសង្គម ឬតាមរយៈការផ្សព្វផ្សាយផ្សេងៗទៀតនៅក្នុងមជ្ឈដ្ឋានរស់នៅផ្ទាល់។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងយុទ្ធនាការក្តៅបង្ក្រាបក្រុមក្មេងទំនើង លោកបានកត់សម្គាល់លើសិស្សសាលាមួយចំនួននាពេលបច្ចុប្បន្នកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច។
នៅក្នុងករណីនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយកតាមសាលាវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់បារីអេឡិចត្រូនិច។
គួរបញ្ជាក់ផងដែរថា បារីអេឡិចត្រូនិច មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់៕










