រទេសថៃ៖ ចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃនឹងចាប់ផ្តើមប្រមូលពន្ធបន្ថែម (VAT) លើទំនិញនាំចូលទាំងអស់ មានន័យថាកាលពីមុនប្រទេសនេះយកពន្ធតែទំនិញនាំចូលដែលមានតម្លៃលើសពី ១,៥០០ បាតប៉ុណ្ណោះ ប៉ុន្តែនៅខែក្រោយនេះ ប្រទេសថៃនឹងយកពន្ធទំនិញដែលមានតម្លៃក្រោម ១,៥០០ បាតទៀត (ប្រមាណ ៤០ ដុល្លារអាមេរិក)។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុថៃ ដែលបានចុះផ្សាយក្នុង Royal Gazette កាលពីថ្ងៃទី ២០ ខែមិថុនា បានបញ្ជាក់យ៉ាងច្បាស់ថា វិធានការនេះគឺដើម្បីធានានូវភាពយុត្តិធម៌សម្រាប់អាជីវកម្មក្នុងស្រុកដែលស្ថិតនៅក្រោមពន្ធលើតម្លៃបន្ថែម និងគោរពតាមបទប្បញ្ញត្តិអន្តរជាតិ។ ដូច្នេះបទប្បញ្ញត្តិនេះនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។ 
Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា បទប្បញ្ញត្តិថ្មីក្នុងការប្រមូលពន្ធលើតម្លៃបន្ថែមលើទំនិញនាំចូលទាំងអស់ដែលមានតម្លៃចាប់ពី ១ បាត ឬច្រើនជាងនេះ គឺជាផ្នែកនៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីដោះស្រាយការប្រកួតប្រជែងមិនយុត្តិធម៌ពីទំនិញនាំចូលដែលមានតម្លៃថោក និងមិនមានពន្ធ។ បើតាមរបាយការណ៍បានឱ្យដឹងទៀតថា ប្រទេសថៃក៏ត្រូវតែគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិដែលកំណត់តម្លៃអប្បបរមាសម្រាប់ទំនិញនាំចូលនីមួយៗ ដើម្បីធានាការប្រមូលពន្ធគយ ហើយអ្នកនាំចូលក៏ត្រូវតែគោរពតាមនីតិវិធីកំណត់ដោយប្រធាននាយកដ្ឋានគយ។ 
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៤ ខែមិថុនាកន្លងមក គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តជាគោលការណ៍នូវផែនការដែលស្នើឡើងដោយក្រសួងហិរញ្ញវត្ថុដើម្បីប្រមូលពន្ធលើតម្លៃបន្ថែមលើទំនិញនាំចូលដែលមានតម្លៃលើសពី ១ បាតផងដែរ។ វិធានការនេះមានគោលបំណងទប់ស្កាត់លំហូរចូលនៃទំនិញនាំចូលថោកចូលទៅក្នុងទីផ្សារក្នុងស្រុក ដែលបណ្តាលឱ្យប្រាក់ចំណូលរបស់ធុរកិច្ចថៃក្នុងស្រុកជាច្រើនរងផលប៉ះពាល់អវិជ្ជមាន៕










