ប្រជាជននៅក្នុងប្រទេសចិនបាននឹងកំពុងងាកទៅទិញមាសទុកគ្រប់ៗគ្នា បើទោះបីជាតម្លៃកើនឡើងក៏ដោយ ដោយសារគេយល់ឃើញថាមាសគឺជាលោហៈធាតុដ៏មានតម្លៃ និងជាទ្រព្យសម្បត្តិសុវត្ថិភាពដ៏ល្អបំផុតចំពេលមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងវិបត្តិវិស័យអចលនទ្រព្យក្នុងអំឡុងពេលនេះ។ បើយោងតាមប្រភពសារព័ត័មាន Vn Express ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។
Business Insider បានរាយការណ៍ថា តម្លៃមាសបានកើនឡើងប្រហែល ១១% នៅក្នុងឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ នៅឯប្រទេសចិន អត្រាអ្នកទិញមាសគឺបានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងអ្នកមិនសូវមានទ្រព្យសម្បត្តិស្តុកស្តម្ភក្តី និងអ្នកដែលមានប្រាក់សន្សំតិចតួចក្តី បាននាំគ្នាសម្រុកទៅទិញមាសទុក ជាពិសេសគឺនៅឯហាង Caibai ដែលជាហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញមួយកន្លែង ក្នុងទីក្រុងប៉េកាំង។ អតិថិជនភាគច្រើនយល់ឃើញថា ការទិញមាសបម្រុងទុកគឺជាមធ្យោបាយតែមួយគត់ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ចំពេលមានវិបត្តិសេដ្ឋកិច្ច។.jpg)
សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះខ្លាំង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងងើបឡើងវិញពីជំងឺរាតត្បាត។ មិនបានប៉ុន្មានផង ប្រទេសនេះក៏ប្រឈមុខនឹងវិបត្តិអចលនទ្រព្យទៀត។ យ៉ាងណាមិញ មាសនៅតែជាទ្រព្យសម្បត្តិសុវត្ថិភាពដ៏ល្អបំផុតសម្រាប់ពលរដ្ឋរបស់ខ្លួន។
លោក Wang Anmei អ្នកលក់មាសនៅ Caibai បានពន្យល់ថា “វាគួរឱ្យទុកចិត្ត។ មនុស្សគិតថា មាសគឺជាការវិនិយោគដ៏ល្អបំផុត។ ក៏មានអចលនទ្រព្យ និងទីផ្សារភាគហ៊ុនផងដែរ ប៉ុន្តែសព្វថ្ងៃនេះ មនុស្សជាច្រើនមានការស្ទាក់ស្ទើរ ខណៈដែលមាសបានបន្តកើនឡើង”។
តម្រូវការមាសនៅក្នុងប្រទេសចិនកើនឡើង ៥.៩៤% ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ នេះបើយោងតាមទិន្នន័យពីសមាគមមាសរបស់ប្រទេសចិនដកស្រង់ដោយកាសែតប្រចាំថ្ងៃរបស់រដ្ឋ China Daily ។ ការសម្រុកទិញមាសមិនមែនកើតឡើងតែក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែធនាគារកណ្តាលរបស់ប្រទេសចិនក៏បង្កើនមាសទុកក្នុងដើមទុនបម្រុងខ្លួនផងដែរ។
យោងតាមសមាគមឧស្សាហកម្មក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា ធនាគារកណ្តាលចិន (PBOC) បានទិញមាសចំនួន ២២៥ តោនក្នុងឆ្នាំ ២០២៣ និងបានក្លាយជាស្ថាប័នអ្នកទញមាសដ៏ធំបំផុតរបស់ពិភពលោកផងដែរ៕










