គេតែងនិយាយតៗគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួន ឬមុខអាចប្រាប់ពីសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយជាដើម។ ជាការពិតណាស់ សំណាងមិនមែនចេះតែកើតមានគ្រប់មនុស្សទេ ដោយអ្នកខ្លះមានវាសនាល្អ និងខ្លះទៀតមានវាសនាមិនល្អទៅតាមទេវតាចារមក។ យោងតាមក្បួនតម្រារបស់ចាស់បុរាណ ដែលចារមើលអំពីលក្ខណៈមនុស្សបានប្រាប់ថា ប្រុសស្រីណាដែលមានប្រជ្រុយ ៥ កន្លែងនេះគឺជាអ្នកមានសំណាងល្អ ជោគវាសនាខ្ពស់ដូចមេឃ និងមិនខ្វះទេអ្នកចាំជួយជ្រោមជ្រែងជីវិតឱ្យបានជោគជ័យ ភ្លឺថ្លាដូចគ្រាប់ពេជ្រ។ ដូច្នេះខាងក្រោមនេះគឺជាប្រជ្រុយសំណាងទាំង ៥ កន្លែងរួមមាន៖
១.ប្រជ្រុយនៅខាងក្រោយត្រចៀក៖ មនុស្សដែលមានប្រជ្រុយនៅពីក្រោយត្រចៀក ច្រើនតែមានសំណាងល្អ ជារឿយៗទទួលបានជំនួយពីមនុស្សល្អក្នុងជីវិត ឬការងារ មិនថាលំបាកយ៉ាងណានោះទ អ្នកតែងតែរួចផុតពីទុក្ខ ព្រោះមានមនុស្សល្អដែលតែងតែត្រៀមខ្លួនគាំទ្រ និងជួយអ្នកជានិច្ច។ មនុស្សដែលមានប្រជ្រុយនៅកន្លែងនេះត្រូវបានគេជឿថាជាមនុស្សមានទេពកោសល្យ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងអស្ចារ្យ ហើយបើធ្វើការ ឬរកស៊ីច្រើនរីកចម្រើនលឿន។
២.ប្រជ្រុយនៅលើត្របកភ្នែក៖ មនុស្សដែលមានប្រជ្រុយនៅលើត្របកភ្នែក ពួកគេច្រើនតែជាមនុស្សទាក់ទាញ មានទំនាក់ទំនងល្អចំពោះមនុស្សជុំវិញខ្លួន និងជាមនុស្សដែលមានឥទ្ធិពល។ ប្រជ្រុយនេះក៏ជាប្រជ្រុយសំណាងដែលទៅណាមកណាតែងតែជួបមនុស្សល្អជានិច្ច និងឆាប់ជោគជ័យក្នុងការងារ។
៣.ប្រជ្រុយច្រមុះ៖ ប្រជ្រុយច្រមុះមិនថា លើ ក្រោម ចុងច្រមុះ ឬស្លាបច្រមុះនោះទេភាគច្រើនគឺជាមនុស្សដែលមានសំណាងល្អ ប្រកបការងារផ្សេងៗឆាប់ទទួបានលជោគជ័យ បើប៉ងប្រាថ្នាអ្វីក្លាយជាការពិត និងជាមនុស្សដែលមានទ្រពសម្បត្តិច្រើន។
៤.ប្រជ្រុយនៅលើភ្លៅ៖ អ្នកដែលមានប្រជ្រុយនៅលើភ្លៅ មិនថាភ្លៅឆ្វេង ឬស្តាំ ក្នុងមួយជីវិតនេះមិនដែលត្រូវព្រួយបារម្ភសោះឡើយពីចំណីអាហារ ការស្លៀកពាក់ និងផ្ទះសម្បែង ហើយសម្រាប់ជីវិតការងារក៏រលូនទៅមុខល្អផងដែរ លើសពីនេះក៏មានអ្នកចាំជួយជ្រោមជ្រែងជានិច្ច។
៥.ប្រជ្រុយក្នុងចិញ្ចើម៖ អ្នកដែលមានប្រជ្រុយនៅក្នុងចិញ្ចើមត្រង់ចន្លោះភ្នែកទាំងពីរតែងតែរស់នៅយ៉ាងស្ដុកស្តម្ភ ជាមនុស្សដែលមានភាពវៃឆ្លាត ព្រមទាំងមានទេពកោសល្យពេញខ្លួន គួបផ្សំនឹងសំណាងដែលមានមកពីកំណើតផងនោះ អ្នកនឹងមិនដែលត្រូវខ្វល់ព្រួយពីរឿងលុយកាក់ឡើយ៕










