ភាពយន្តខ្មែរខ្នាតធំរឿង«ម៉ែក្រឡាភ្លើងវគ្គ១» កាលពីពេលកន្លងទៅនេះគឺឃើញថាទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលនៅក្នុងចំណោមទាំងជនជាតិខ្មែរ និងប្រទេសជិតខាងមួយចំនួនដូចជាឡាវនិងឥណ្ឌូណេស៊ី។ ទោះជាយ៉ាងណា ថ្មីៗនេះ ការបញ្ចេញ Trailer «ម៉ែក្រឡាភ្លើងវគ្គ២» កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងម្តងទៀតពីទស្សនិកជន ខណៈដែលឈុតឆាកនៃរឿងនេះក៏បានលេងផ្សារភ្ជាប់ជាមួយនឹងសំណង់អច្ឆរិយៈខ្មែរ គឺប្រាសាទអង្គរវត្តផងដែរ។
ខ្សែភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើង» ដឹកនាំសម្តែងដោយផលិតកម្ម Sastra Film ដែលសាច់រឿងបង្ហាញពីទិដ្ឋភាពពិតជាក់ស្តែងនៃទឹកចិត្តស្រលាញ់របស់ម្តាយចំពោះកូន ខណៈវាជារឿងបែបរន្ធត់ព្រឺព្រួច កម្សត់ លាយឡំនឹងភាពកំប្លែកសប្បាយផង។ ជាមួយនឹង Feedback សម្រាប់អ្នកដែលបានទស្សនារឿងនេះហើយគឺពោលសរសើរថាល្អមើលមិនដាច់ពីមាត់គ្រប់ៗគ្នា ព្រោះតែសាច់រឿងបានបញ្ចូលមនោសញ្ចេតនាបានល្អ ព្រមជាមួយនឹងបទចម្រៀងដ៏ព្រឺក្បាល ដែលទាំងនេះគឺជាភាពខ្លាំងមួយនៃកុនខ្មែរឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងឡើង។
ដោយសង្កេតឃើញថា រឿង«ម៉ែក្រឡាភ្លើងវគ្គ១»ហាក់ទទួលបានការគាំទ្រខ្លាំង, «ម៉ែក្រឡាភ្លើងវគ្គ២»ក៏បានផុសឡើងក្រោមផលិតកម្មសាស្រ្តាហ្វៀមដដែល។ ខណៈកាលពីថ្ងៃទី១៩ ខែមិថុនានេះ ការបញ្ចេញ Trailer នៃរឿង«ម៉ែក្រឡាភ្លើងវគ្គ២» កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ក្នុងចំណោមទស្សនិកទាំងខ្មែរនិងបរទេសដែលធ្លាប់បានទស្សនារឿងនេះ វគ្គ១ កាលពីពេលកន្លងទៅ។ ម៉ែក្រឡាភ្លើងវគ្គ២ ដែលភ្ជាប់មកជាមួយនឹងឈុតឆាកគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសគឺបានថតនិងសម្តែងនូវម្តុំបរិវេណប្រាសាទអង្គរវត្តខ្មែរទៀត។ 
ជាមួយនឹងការបញ្ចេញ Trailer រឿងវគ្គ២នេះ មហាជនជាច្រើនក៏ចូលទៅបញ្ចេញមតិគាំទ្រព្រោងព្រាតដោយអ្នកខ្លះគឺបានលើកឡើងថា «វគ្គនេះកាន់តែល្អមើល បានបង្ហាញប្រាសាទអង្គរវត្ត ម្ដងនេះថៃមិនហ៊ានផ្សាយបន្ដទេ»។ អ្នកខ្លះថា«វគ្គ១ ១០/១០, ឥឡូវចង់មើលវគ្គ២ទៀត»។ អ្នកខ្លះថា«បច្ចេកទេសថតល្អម៉្លេះរឿងបែបបុរាណដែលថតជាប់ប្រាសាទអង្គរវត្តខ្មែរផ្ទាល់ពិតៗដែលខ្ញុំប្រាថ្នាចង់ឃើញ រំភើបណាស់ចង់មើលដល់ហើយ can’t wait»។
អ្នកខ្លះទៀតថា«ហ្វេនៗរង់ចាំយូរហើយ អត់រង់ចាំតែអារឿងផ្ទះលេខពីទេ»។ អ្នកខ្លះថា«គាំទ្រភាពយន្តខ្មែរ1000%»។ ខណៈអ្នកខ្លះទៀតថា«ទោះបីយ៉ាងណា ខ្ញុំនៅតែមានមោទនភាពដែលខ្មែរយើងផលិតភាពយន្តកាន់តែល្អឡើងៗ, គាំទ្រជានិច្ច៕










