តារាចម្រៀងវ័យក្មេងស្រស់សោភាក្នុងទ្រនំរស្មីហង្សមាស រ៉េត ស៊ូហ្សាណា ហាក់បាត់មុខពីកម្មវិធីប្រគំតន្រ្តីនានា និងខកខានចេញបទចម្រៀងថ្មីអស់រយៈពេលជាច្រើនខែមកហើយ ខណៈបទចុងក្រោយបង្អស់បកស្រាយរួមជាមួយ ថុល សុភិទិ។
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំស្គាល់តារាចម្រៀង រ៉េត ស៊ូហ្សាណា មកហើយមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ចំណេះដឹងក៏មានការរស់នៅក្នុងគ្រួសារប្រកបដោយសេចក្តីថ្លៃថ្នូរមានឪពុកម្តាយតាមមើលថែមិនឱ្យដាច់ពីកន្ទុយភ្នែក។ ទោះយ៉ាងណា អស់រយៈពេលជាច្រើនខែមកហើយអ្នកគាំទ្រពុំបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានានោះទេ ពោលគឺនាងហាក់ស្ងប់ស្ងាត់ពីទីផ្សារសិល្បៈតែម្តង។
ក្រឡេកទៅលើលើបណ្តាញសង្គមរបស់ រ៉េត ស៊ូហ្សាណា អ្នកគាំទ្របានឃើញតារាចម្រៀងរូបនេះចែករំលែកពីដំណើរកម្សាន្តទស្សនាការប្រគំតន្រ្តីក្រៅស្រុក និងដំណើរកម្សាន្តក្នុងស្រុកជាដើម។ តារាចម្រៀងរូបនេះក៏បានចែករំលែកវីដេអូ Vlog ពីការហាត់ប្រាណ Unboxing ខណៈលេចមុខលើឆាកតន្រ្តីចុងក្រោយគឺនៅកូរ៉េខាងត្បូងកាលពីខែមេសា។ ទោះយ៉ាងណាសកម្មភាពមួយចំនួន ហ្សាណា ក៏បានលេចមុខដែរក្នុងកម្មវិធី «អ្នកស្នងមរតក»។
មិនបាត់មុខពីហ្វេនក្តី ប៉ុន្តែបើក្រឡេកទៅកាន់ទីផ្សារចម្រៀងវិញ រ៉េត ស៊ូហ្សាណា ខានចេញបទចម្រៀងថ្មីក្នុងផលិតកម្មអស់រយៈពេលជាច្រើនខែមក ខណៈបទទម្លាក់លើទីផ្សារចុងក្រោយបង្អស់គឺបទ «ថ្ងៃពិសេសសម្រាប់យើង« នាចុងខែកញ្ញា ឆ្នាំ២០២៣ ច្រៀងរួមជាមួយ ថុល សុភិទិ។ 
បទល្បីៗរបស់ រ៉េត ស៊ូហ្សាណា ទទួលបានការគាំទ្រពីទស្សនិកជនមានដូចជា «ឈប់» «សង្ស័យ » «ត្រូវការកម្លាំងចិត្ត» «ក្តីសុខបងពេលគ្មានអូន» «សុំខុសមួយយប់» រួមជាមួយនឹងបទចម្រៀងជាច្រើនទៀត ។ ហ្សាណា ជាតារាចម្រៀងស្រីម្នាក់ដែលមានឱកាសចាប់ដៃ ជាមួយតារាចម្រៀងជាច្រើនរូបក្នុងនោះក៏មានអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹក។

ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈ ហ្សាណា ពើបប្រទះការរិះគន់អំឡុងពេលប្រកួតកម្មវិធី The Voice Cambodia ព្រោះតែបកស្រាយបទចម្រៀងបរទេសច្រើនជាងភាសាជាតិ។ ទោះមិនបានក្លាយជាម្ចាស់ជ័យលាភី តែនាងអាចជាសមាជិកក្នុងគ្រួសារហង្សមាស និងបានសាងប្រជាប្រិយភាពចាប់តាំងចេញបទចម្រៀងផ្ទាល់ខ្លួនដំបូង។ ងាកមកជីវិតឯកជនវិញ រ៉េត ស៊ូហ្សាណា មានពាក្យចចាមអារ៉ាមស្នេហាជាមួយ សុវត្ថិ មុន្នីនាគ តែម្នាក់គត់ដែលជាកូនទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ។ ទំនាក់ទំនងអ្នកទាំងពីរបានរក្សាគម្លាតវិញបន្ទាប់ពីម្តាយខាងប្រុសចេញមកបដិសេធពាក្យចចាមអារ៉ាមស្នេហា៕










