មាសគឺជាលោហៈធាតុម៉្យាងដែលមានតម្លៃ និងទាក់ទាញចំណាប់អារម្មណ៍បំផុតទៅកាន់មនុស្សទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជាយើងតាំងពីបុរាណកាលបន្តរហូតមកដល់បច្ចុប្បន្ន មាសបាននឹងកំពុងស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរស្ទើរគ្រប់ៗគ្នា ដោយអ្នកខ្លះបានទិញមាសដើម្បីធ្វើជាគ្រឿងអលង្ការពាក់លម្អកាយ ខ្លះទិញមាសទុកដើម្បីបម្រុងទុកក្នុងគ្រាមានអាសន្ន និងទិញមាសទុកសម្រាប់វិនិយោគបង្កើននូវប្រាក់ចំណេញជាដើម។
បើទោះជាបីជាមាសគឺជាវត្ថុមានតម្លៃស្រាប់ក៏ពិតមែន យ៉ាងណាមិញប្រសិនបើបងប្អូនមិនដឹងក្បួនក្នុងការទិញឬក៏លក់មាសឲ្យបានត្រឹមត្រូវតាមកាលទេសៈនោះទេ ប្រាកដណាស់ថាអាចនឹងឡុងចុងជាក់ជាមិនខាន មិនថាតិចក្តីឬច្រើនក្តី។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធីសាស្រ្ត ៤យ៉ាង ក្នុងការទិញ-លក់មាសឲ្យចំណេញ បើយោងតាមការបញ្ជាក់ពីអ្នកជំនាញ៖
១ តាមដានហាងឆេងមាសជាប្រចាំ៖ ជារៀងរាល់ថ្ងៃ តម្លៃមាសគឺតែងតែមានការប្រែប្រួល ពិសេសគឺតម្លៃហាងឆេងមាសនៅក្នុងស្រុក ដូច្នេះអ្នកត្រូវតែកត់សម្គាល់ពីតម្លៃមាស បើថ្ងៃខ្លះហាងឆេងមាសឡើងថ្លៃខ្លាំងពេក គឺអ្នកមិនត្រូវទិញមាសចូលនោះទេ។ ដោយឡែកសម្រាប់ថ្ងៃខ្លះ មាសចុះថោកខ្លាំង នេះហើយជាឱកាសល្អដែលអ្នកត្រូវតែទិញមាសចូល ដើម្បីទុកលក់វិញ បង្កើនប្រាក់ចំណេញទ្វេដង។ បន្ថែមពីនេះ អ្នកត្រូវតែទិញនៅហាងណាដែលគួរឲ្យទុកចិត្តបានផងដែរ ដើម្បីជៀសវាងពីការកេងប្រវ័ញ្ចផ្សេងៗ។
២ តាមដានពីវិបត្តិសកលលោក៖ អ្នកត្រូវតែតាមដានស្ថានការណ៍ពិភពលោកជាប្រចាំ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ គ្រោះធម្មជាតិ សង្គ្រាម អតិផរណា និងយល់ដឹងពីចរារចរណ៍រូបីយប័ណ្ឌដុល្លារនៅលើទីផ្សារជាដើម ព្រោះថាទាំងនេះវានឹងជះឥទ្ធិពលទៅលើតម្លៃមាសសកល។
៣ ត្រូវប្រាកដថាលុយដែលយកទៅទិញមាសនោះ គឺជាលុយដែលមិនចាំបាច់ក្នុងការចាយវាយភ្លាមៗ៖ ជាការពិតណាស់ តម្លៃមាសគឺតែងមានការឡើងចុះ ប្រែប្រួលទៅវេលា ដូច្នេះហើយមិនប្រាកដថាមាសដែលទិញភ្លាម លក់វិញភ្លាមនឹងចំណេញភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ពេលខ្លះ ដើម្បីឲ្យតម្លៃមាសកើនឡើង អ្នកគឺត្រូវតែរងចាំក្នុងរយៈពេលយូរឬឆាប់មិនទៀត។ អ៊ីចឹងហើយ ការដែលយកលុយចាំបាច់ប្រើប្រាស់ទៅទិញមាសទុកនោះ វាមិនមែនជាការបង្កើនប្រាក់ចំណេញទេ តែគឺជាការខាតទៅវិញផងក៏ថាបាន។
៤ ទិញមាសដែលមិនមានថ្លៃឈ្នួល៖ បើចង់ចំណេញខ្លាំងក្នុងការទិញមាសទុក អ្នកគឺត្រូវតែទិញមាសដុំនិងមាសសន្លឹក ដោយមិនគួរទិញមាសជាគ្រឿងអលង្ការទេ ព្រោះអាចនឹងអស់ថ្លៃឈ្នួលច្រើន ហើយឱកាសនូវក្នុងការចំណេញក៏មានកាន់តែតិច។ ប៉ុន្តែបើអ្នកទិញមាសដុំនិងមាសសន្លឹក វានឹងមិនគិតថ្លៃឈ្នួលទេ ដូច្នេះនៅពេលដែលអ្នកលក់វិញក្នុងកាលៈទេសៈមួយសមស្រប តម្លៃមាសអ្នកនឹងកើនឡើងទ្វេដង ឱកាសនៃការចំណេញក៏កប់ក្តោងផងដែរ៕










