ប្រទេសចិន ៖ អ្នកស្រាវជ្រាវនៅប្រទេសចិនបានសាកល្បងផលិតវត្ថុភ្លឺថ្លាពីដើមឫស្សី ដោយពួកគេបានប្រមូលដើមឫស្សីចាស់ៗមកផលិតជាវត្ថុភ្លឺថ្លាអាចធន់ជាមួយភ្លើង, ទឹក និងផ្សែងបានយ៉ាងល្អ ។ តើវត្ថុភ្លឺថ្លាដែលផលិតឡើងពីដើមឫស្សីចាស់ៗនេះ គឺជាអ្វី?
អ្នកស្រាវជ្រាវចិនបានប្រើប្រាស់សារធាតុសូដ្យូមស៊ីលីកេតរាវបញ្ចូលក្នុងដើមឫស្សី (សារធាតុសូដ្យូមស៊ីលីកេត គឺជាសមាសធាតុមួយដែលគេប្រើប្រាស់ទូទៅក្នុងផ្នែកឧស្សាហកម្មផ្សេងៗ ហើយគេអាចបង្កើតវត្ថុរឹង និងកែវ នៅពេលផ្សំបញ្ចូលវាក្នុងសារធាតុមួយចំនួន) ។ អ្នកស្រាវជ្រាវឱ្យដឹងថា វាអាចធន់នឹងទឹក និងសំណើមបានល្អ ។
ការសាកល្បងសមត្ថភាពរបស់វត្ថុផលិតឡើងពីដើមឫស្សីនេះបង្ហាញថា ពួកគេបានចំណាយពេលដុតភ្លើងចំនួន១១៦វិនាទី និងបញ្ចេញកំដៅបន្តិចបន្តួច ។ ហេតុនេះ វាមានប្រសិទ្ធភាពខ្ពស់អាចធន់ជាមួយភ្លើងក្តៅ, កាត់បន្ថយភ្លើងឆេះ ឬគ្រោះថ្នាក់ផ្សេងៗដោយសារកំដៅ និងផ្សែង ខណៈដើមឫស្សីងាយនឹងធ្វើឱ្យមានភ្លើងឆេះ ។
លើសពីនេះ ពេលអ្នកស្រាវជ្រាវយកវត្ថុនេះទៅបង្កើតបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ប្រភេទ Perovskite Solar Cells បង្ហាញថា វាបានបញ្ជូនពន្លឺរហូតដល់៧១,៦% ឯណោះ ហើយវាមានប្រសិទ្ធភាពបំលែងថាមពលរហូតដល់១៥,២៩% ។ ដូច្នេះ នៅថ្ងៃអនាគត ក្រុមអ្នកស្រាវជ្រាវនឹងផ្តោតលើការផលិតកញ្ចក់ធំៗពីដើមឫស្សី និងអាចប្រើប្រាស់កញ្ចក់នេះបានច្រើនផ្នែក ។
អ្នកស្រាវជ្រាវម្នាក់និយាយថា ៖ «យើងមានអារម្មណ៍រំភើបជាមួយការរកឃើញលើកនេះ ហើយវាជាការឈានទៅរកការប្រើប្រាស់កញ្ចក់ និងឧបករណ៍អុបទិកធន់ជាមួយភ្លើង ។ សម្រាប់ការស្រាវជ្រាវនៅថ្ងៃអនាគត យើងនឹងផ្តោតលើការផលិតកញ្ចក់មានទំហំធំៗ និងអាចប្រើប្រាស់បានច្រើនផ្នែក» ។
បច្ចុប្បន្ន កញ្ចក់ភាគច្រើនបានផលិតពី Silica និងមានតម្រូវខ្លាំងនៅតាមទីផ្សារពិភពលោក ជាពិសេស នៅឆ្នាំ២០២០ តម្រូវការកញ្ចក់បានកើនឡើងដល់ជាង១៣០លានតោន ។ បើទោះជាការផលិតកញ្ចក់បែបនេះងាយស្រួល និងមានតម្លៃថោក ប៉ុន្តែផ្ទៃកញ្ចក់មិនសូវក្រាស់ទេ ខណៈកញ្ចក់ខ្លះស្តើងខ្លាំង ។ ម្យ៉ាងទៀត ការផលិតកញ្ចក់ពី Silica បានបញ្ចេញឧស្ម័នធ្វើឱ្យពិភពលោកក្តៅ ដូច្នេះ ការផលិតកញ្ចក់ពីដើមឫស្សីនឹងអាចជួយដោះស្រាយបញ្ហានេះបាន ។
ទោះយ៉ាងណា វាគ្រាន់តែជាការស្រាវជ្រាវមួយនៅប្រទេសចិនប៉ុណ្ណោះ ហើយយើងត្រូវតាមដានបន្តថា នៅថ្ងៃអនាគត បើគេអាចផលិតកញ្ចក់ពីដើមឫស្សី និងលក់នៅលើទីផ្សារ តើវានឹងអាចជួយកាត់បន្ថយកំដៅលើពិភពលោកបានដែរឬទេ?










