យោងតាមទិន្នន័យចុងក្រោយបំផុតពីក្រុមប្រឹក្សាមាសពិភពលោក (WGC)បានឲ្យដឹងថា ធនាគារកណ្តាលពិភពលោកបាននឹងកំពុងបន្តបង្កើនការកាន់កាប់មាសយ៉ាងខ្លាំងបំផុតក្នុងអំឡុងខែមីនា។ កំពូលអ្នកទិញមាសធំៗក្នុងអំឡុងខែមីនានេះមកពីប្រទេសទាំងបី គឺ ប្រទេសទួរគី ឥណ្ឌា និងចិន ខណៈដែលអ្នកលក់មាសធំជាងគេគឺ ប្រទេសអ៊ូសបេគីស្ថាន ថៃ ហ្ស៊កដានី និងអាល្លឺម៉ង់។
ប្រទេសចិនបានបញ្ជាទិញមាសប្រមាណ ៥ តោនក្នុងអំឡុងខែមីនា ខណៈការទិញមាសក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ របស់ប្រទេសនេះបានជាង ២៧ តោនឯណ្ណោះ។ បច្ចុប្បន្ន ធនាគារចិនបាននឹងកំពុងកាន់កាប់ទុនបម្រុងមាសជាផ្លូវការសរុបរហូតដល់ប្រមាណ ២.២៦២ តោន។ ទោះជាយ៉ាងណា ការកាន់កាប់មាសពិតប្រាកដរបស់ប្រទេសចិនអាចខ្ពស់ជាងទិន្នន័យផ្លូវការ ដោយមានអ្នកវិភាគជាច្រើនបានប៉ាន់ប្រមាណថាមាសក្នុងប្រទេសនេះ អាចឈានដល់រាប់ពាន់តោន ដែលលើសពីនេះទៀត។
ចំណែកធនាគារកណ្តាលឥណ្ឌា កាលពីអំឡុងខែមីនា ក៏បានបន្ថែមមាសចំនួន ៥ តោនទៅក្នុងទុនបំរុងរបស់ខ្លួនដែរ ខណៈការបញ្ជាទិញមាសចាប់ពីដើមឆ្នាំ២០២៤មកដល់ពេលនេះបានជាង ១៨ តោន ។ បច្ចុប្បន្ន ការកាន់កាប់មាសសរុបក្នុងប្រទេសនេះ ត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ទៅ ៨៨២ តោន។ ការទិញមាសរបស់ប្រទេសឥណ្ឌាត្រូវបានជំរុញដោយហេតុផលនយោបាយ និងសេដ្ឋកិច្ច ដូចជាការធ្លាក់ចុះនៃ “ភាពជឿជាក់” នៃប្រាក់ដុល្លារអាមេរិក និង “ការធ្លាក់ចុះយ៉ាងខ្លាំង” នៃទំនុកចិត្តលើទ្រព្យសម្បត្តិប្រាក់ដុល្លារអាមេរិក។ ហេតុផលផ្សេងទៀតសម្រាប់ការវិនិយោគលើមាសរួមមានការកើនឡើង ដោយសារតែការប្រែប្រួលនៅក្នុងទីផ្សារប្តូរប្រាក់ ការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងបង្កើនទំនុកចិត្តលើផ្នែកសេដ្ឋកិច្ច តាមរយៈទ្រព្យសម្បត្តិបម្រុងរបស់ពួកគេ។
ធនាគារកណ្តាលនៃប្រទេសទួរគីបានបង្កើនទុនបម្រុងមាសរបស់ខ្លួនចំនួន ១៤ តោនក្នុងខែមីនា ខណៈការទិញមាសតាំងពីដើមឆ្នាំមកទល់នឹងពេលនេះ បានប្រមាណ ៣០ តោន។ ទុនបម្រុងមាសសរុបក្នុងប្រទេសនេះបច្ចុប្បន្ន មានប្រមាណ ៥៤០ តោន។
រីឯប្រទេសធំៗមួយចំនួនទៀតដែលបានបញ្ជាទិញមាសក្នុងខែមីនាដែររួមមាន: សិង្ហបុរី៖ ៤ តោន, រុស្ស៊ី៖ ៣ តោន ,ប៉ូឡូញ៖ ១ តោន , សាធារណរដ្ឋឆេក៖ ១ តោន ,សាធារណរដ្ឋ Kyrgyz: ១ តោន។
គួរបញ្ជាក់ថា ការកើនឡើងខ្លាំងបំផុតនៃការទិញមាសដោយធនាគារកណ្តាលនៃប្រទេសធំៗទាំងនេះ គឺឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់លើហាងឆេងមាសកំពុងបន្តមានទីផ្សារ បើទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចក្តី។ មាសត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពយូរអង្វែង ជាពិសេសក្នុងអំឡុងពេលនៃការប្រែប្រួលទីផ្សារ និងសម្ពាធអតិផរណា៕










