ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ទ្រី ភាព ជា “លោកអ្នកឧកញ៉ា” នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៤០ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងថ្នាក់គោរមងារជា “ឧកញ៉ា” បានបែងចែកជា៣ថ្នាក់ដោយក្នុងនោះរួមមាន៖ឧកញ៉ា,អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។
ក្នុងចំណោម៣នេះ លោកអ្នកឧកញ៉ា គឺជាគោរមងារថ្នាក់ខ្ពស់បំផុតលើសគេ ហើយបច្ចុប្បន្នអ្នកទទួលបានងារនេះមិនមានច្រើននោះទេ។
គួរបញ្ជាក់ផងដែរថា “លោកអ្នកឧកញ៉ា” ទ្រី ភាព មានតួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ “ទេសរដ្ឋមន្ត្រី” ហើយក៏ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៃគណបក្សប្រជាជនផងដែរ៕











