បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានព្យាករណ៍ថា ប្រទេសទាំងអស់ជុំវិញពិភពលោកគួរតែត្រៀមខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈដែលអាកាសធាតុប្រែប្រួលមិនល្អនាំឱ្យមានការកើនឡើងនៃពស់ចឹក ដោយពស់ពិសរាប់ពាន់លានក្បាលបច្ចុប្បន្នបាននឹងកំពុងចូលលុកលុយនៅលើផែនដីនៅពេលអាកាសធាតុពិភពលោកមិនអំណោយផល។
យោងតាម The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៤ ថាបម្រែបម្រួលអាកាសធាតុទំនងជានាំពស់ពិសគ្រប់ប្រភេទពីបណ្តាប្រទេសជុំវិញពិភពលោកទៅកាន់តំបន់ថ្មី និងប្រទេសមួយចំនួនដូចជា ប្រទេសនេប៉ាល់ នីហ្សេរីយ៉ា ណាមីប៊ី ចិន និងមីយ៉ាន់ម៉ា ដោយប្រទេសទាំងនេះអាចនឹងទទួលរងឥទ្ធិពលពស់ចឹកប្រសិនបើពួកគេមិនប្រុងប្រយ័ត្ននៅពេលដែលអាកាសធាតុកាន់តែក្តៅ។
បើយោងតាមការព្យាករណ៍របស់អ្នកជំនាញ ប្រទេសដែលមានចំណូលទាបនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្នែកខ្លះនៃទ្វីបអាហ្រ្វិក ក៏នឹងងាយរងគ្រោះដោយសារការកើនឡើងនៃពស់ចឹកផងដែរ។ យោងតាមការសិក្សានេះបានឱ្យដឹងទៀតថា ប្រភេទពស់ពិសចំនួន ២០៩ នឹងអាចបង្កឱ្យមានភាពអាសន្នដល់មនុស្ស ខណៈដែលប្រភេទសត្វពស់ពិសមួយចំនួនដូចជាពស់វែកហ្កាប៊ុនអាហ្វ្រិកខាងលិចនឹងកើនឡើង២៥០% នៅឆ្នាំ ២០៧០។ រីឯពស់ពិសដ៏កាចសហាវនៅជួរនៃ asp អ៊ឺរ៉ុប និងវាលខ្សាច់ horned viper ក៏ត្រូវបានព្យាករណ៍ថានឹងមានច្រើនជាងពីរដងនៅឆ្នាំ ២០៧០ ផងដែរ។
យោងតាមសហអ្នកនិពន្ធ Pablo Ariel Martinez នៃសាកលវិទ្យាល័យ Sergipe Federation ក្នុងប្រទេសប្រេស៊ីល និង Talita F Amado នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវចម្រុះក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ក៏បានបង្ហាញលទ្ធផលស្រាវជ្រាវដែរថា ប្រភេទពស់ពិសមួយចំនួនអាចសម្របខ្លួនទៅនឹងដីស្រែចម្ការ ហើយថែមទាំងលូតលាស់នៅតំបន់ដំណាំ ឬបសុសត្វផ្តល់ប្រភពអាហារដូចជាកណ្តុរជាដើម។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១.៨ – ២.៧ លាននាក់ត្រូវបានខាំដោយពស់ពិសជារៀងរាល់ឆ្នាំ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៣៨,០០០ នាក់ និងយ៉ាងហោចណាស់ ៤០០,០០០ ករណីគឺពិការភាពអចិន្ត្រៃយ៍ដោយសារពស់ចឹក។
លោក Anna Pintor អ្នកវិទ្យាសាស្ត្រឯកទេសជំងឺត្រូពិចនៅ WHO បាននិយាយថា ប្រភេទសត្វពស់នឹងផ្លាស់ប្តូរការចែកចាយរបស់វាទៅតាមការប្រែប្រួលអាកាសធាតុ។ ការព្រួយបារម្ភនោះគឺថា ពួកវានឹងខាំមនុស្សកាន់តែច្រើន ប្រសិនបើសីតុណ្ហភាពក្តៅ អាកាសធាតុសើម និងទឹកជំនន់ធ្វើឱ្យមនុស្ស និងសត្វពស់បាត់បង់ផ្ទះសម្បែងកើតឡើងញឹកញាប់។ ហេតុនេះហើយយើងត្រូវតែការពារខ្លួនជានិច្ច នៅពេលដើរចូលក្នុងព្រៃ ឬនៅពេលទឹកជំនន់ ក៏ដូចជាត្រូវយល់ឱ្យកាន់តែច្បាស់ថាតើវាប៉ះពាល់ដល់កន្លែងណាដែលមនុស្សត្រូវពស់ចឹក ហើយមនុស្សប៉ុន្មាននាក់ដែលត្រូវពស់ចឹកនៅកន្លែងនោះ ដូច្នេះយើងនឹងអាចត្រៀមខ្លួនបាន៕










