មនុស្សភាគច្រើនពុំដឹងថា ទីក្រុងណាមានហាងកាហ្វេច្រើនបំផុតនៅលើពិភពលោក ។ ទីក្រុងមានហាងកាហ្វេច្រើនជាងគេនោះ មិនមែនស្ថិតនៅប្រទេសអ៊ីតាលី ឬតំបន់ Seattle ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកទេ ប៉ុន្តែទីក្រុងនេះស្ថិតនៅតំបន់អាស៊ី និងបានជាប់ចំណាត់ថ្នាក់មានហាងកាហ្វេច្រើនបំផុតលើពិភពលោក អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទីក្រុងសៀងហៃ ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានហាងកាហ្វេច្រើនបំផុតនៅលើពិភពលោក អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ហេតុនេះ គេពុំចាំបាច់ធ្វើដំណើរទៅប្រទេសអ៊ីតាលី ឬតំបន់ Seattle ក្នុងទីក្រុងវ៉ាស៊ីនតោនទេ គឺគេអាចធ្វើដំណើរមកទីក្រុងសៀងហៃ នឹងឃើញថា ទីក្រុងនេះសម្បូរទៅដោយហាងកាហ្វេពាសពេញទាំងអស់ឱ្យជ្រើសរើស ។
សារព័ត៌មានចិនឈ្មោះ China News Service រាយការណ៍ថា ក្នុងពិធីបុណ្យ Shanghai International Coffee Culture Festival ប្រចាំឆ្នាំ២០២៤ មានការប្រកាសរបាយការណ៍ «2024 China Urban Coffee Development Report» បញ្ជាក់ថា នៅឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ មានហាងកាហ្វេច្រើនរហូតដល់៩.៥៥៣កន្លែង ។ ហេតុនេះ ធ្វើឱ្យសៀងហៃ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមានហាងកាហ្វេច្រើនបំផុតលើពិភពលោក ។
ចំណែកភ្នាក់ងារព័ត៌មានកណ្តាល (Central News Agency) រាយការណ៍ដែរថា ទីក្រុងសៀងហៃ ប្រទេសចិន មានហាងកាហ្វេបរទេសច្រើនបំផុត និងមានកាហ្វេម៉ាកល្បីៗពីបរទេស រហូតដល់២.០៥៦ម៉ាក ។
Xu Jian ព្រឹទ្ធបុរសរង School of Media and Communication ប្រចាំសាកលវិទ្យាល័យ Shanghai Jiao Tong បានផ្តល់បទសម្ភាសន៍ជាមួយ China News Service ថា សៀងហៃបានក្លាយជាទីក្រុងមួយ ដែលក្រុមហ៊ុនបរទេសត្រូវតែមកប្រកបអាជីវកម្មនៅទីនេះ ។
ទីក្រុងសៀងហៃ មិនត្រឹមតែទាក់ទាញកាហ្វេម៉ាកល្បីៗមកពីជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែហាងកាហ្វេក្នុងស្រុកក៏បានកើនឡើងច្រើនផងដែរ ។ របាយការណ៍ខាងលើបញ្ជាក់ថា ចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងកាហ្វេ ស្មើរហូតដល់៣៨៤.៨៥៩ក្រុមហ៊ុន នៅឆ្នាំ២០២៣ និងកើនឡើង១៥,៦៥% បើធៀបនឹងឆ្នាំ២០២២ ។
លើសពីនេះ ឧបករណ៍ឆុងកាហ្វេដែលផលិតនៅប្រទេសចិន ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទីផ្សារបរទេស ។ កាលពីឆ្នាំ២០២៣ ចិនបាននាំចេញឧបករណ៍ឆុងកាហ្វេទៅប្រទេសនានាលើពិភពលោក ស្មើទឹកប្រាក់៧.៥៥០លានយាន់ ។ ក្រៅពីអាជីវកម្មកាហ្វេទទួលបានការពេញនិយមហើយ ហាងកាហ្វេនានាបានបង្កើតកាហ្វេផ្សំជាមួយភេសជ្ជៈថ្មីៗជាច្រើនតាមស្តាយចិន ក្នុងនោះមានភេសជ្ជៈខ្លះមានរសជាតិប្លែក និងថ្មី ដែលអ្នកចូលចិត្តផឹកកាហ្វេលើពិភពលោក ពុំបានស្គាល់រសជាតិ ៕










