សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនជឿថា ប្រទេសចិនប្រើប្រាស់ TikTok ធ្វើជាឧបករណ៍តាមដាន និងមានឥទ្ធិពលលើគំនិតរបស់ពលរដ្ឋអាមេរិក ស្របពេលរដ្ឋាភិបាលអាមេរិកបានព្យាយាមហាមឃាត់ការប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះ ។
លទ្ធផលការស្ទង់មតិធ្វើឡើងដោយ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិកឆ្លើយតបការស្ទង់មតិប្រមាណ៥៨% និយាយថា រដ្ឋាភិបាលចិនបានប្រើប្រាស់ TikTok ដើម្បីបង្កើតឥទ្ធិពលដល់គំនិតពលរដ្ឋអាមេរិក ។ រីឯអ្នកឆ្លើយតប១៣% មិនយល់ស្របនឹងការលើកឡើងនេះ ខណៈអ្នកផ្សេងទៀតមិនប្រាកដចិត្ត ឬពុំបានឆ្លើយតបសំណួរ ។
លទ្ធផលស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេរិក៤៦% និយាយថា ចិនប្រើប្រាស់ TikTok ដើម្បីតាមដានពីជីវិតពលរដ្ឋអាមេរិក ។ វាជាការចោទប្រកាន់មួយ ដែលរដ្ឋាភិបាលចិនបានបដិសេធរហូតមក ។
ក្រុមហ៊ុន TikTok និយាយថា បានវិនិយោគប្រាក់ជាង១.៥០០លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពព័ត៌មាន និងគ្មានការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក ចំនួន១៧០លាននាក់ទៅឱ្យរដ្ឋាភិបាលចិន ដូចការបារម្ភរបស់អ្នកនយោបាយអាមេរិកទេ ។ នៅឆ្នាំ២០២៣ CEO របស់ក្រុមហ៊ុន TikTok បានបញ្ជាក់ជាមួយរដ្ឋសភាអាមេរិកថា TikTok ពុំធ្លាប់ជំរុញ ឬលុបខ្លឹមសារតាមការបញ្ជារបស់រដ្ឋាភិបាលចិនឡើយ ។
កាលពីចុងខែមេសា ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok លក់ភាគហ៊ុនទាំងអស់ក្នុងរយៈពេល២៧០ថ្ងៃ បើមិនដូច្នោះទេ TikTok អាចត្រូវហាមប្រើប្រាស់នៅអាមេរិក ។
ចំណែកក្រុមហ៊ុន TikTok ប្រកាសថា នឹងជំទាស់ជាមួយច្បាប់នេះ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញអាមេរិក ស្តីពីការការពារសេរីភាព និងការបញ្ចេញមតិ ។ រីឯអ្នកប្រើប្រាស់ TikTok ជាច្រើននាក់គ្រោងអនុវត្តវិធានការតាមច្បាប់ រួមទាំងលើកឡើងពីបញ្ហានេះដើម្បីឱ្យតុលាការកំពូលអាមេរិកកាត់ក្តី ។
លទ្ធផលស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិក៥០% គាំទ្រការហាមឃាត់ប្រើប្រាស់ TikTok ខណៈ៣២% មិនយល់ស្រប ។ ទោះយ៉ាងណា លទ្ធផលស្ទង់មតិនេះបានសាកសួរពលរដ្ឋអាមេរិកស្មើជាង១.០០០នាក់ប៉ុណ្ណោះ (មិនមែនយុវជន) ហើយវាមិនអាចឆ្លុះបញ្ចាំងពីគំនិតរបស់យុវជនអាមេរិកមានអាយុក្រោម១៨ឆ្នាំទេ ដែលជាក្រុមប្រើប្រាស់ TikTok ច្រើនជាងគេ ។
ច្បាប់ដែលលោក ចូ បៃដិន ចុះហត្ថលេខានេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន ByteDance ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់ភាគហ៊ុនរបស់ TikTok ។ ប៉ុន្តែការកំណត់រយៈពេលនេះ អាចពន្យារពេល៣ខែទៀត បើរដ្ឋាភិបាលអាមេរិកយល់ឃើញថា TikTok ចង់លក់កម្មវិធីដ៏ពេញនិយមឱ្យអាមេរិក ៕










