ភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀមមានចំណងជើងថា «ឃើញក្បាលខ្ញុំទេ?» ដែលមានលំដាប់រងទី២បវរកញ្ញចក្រវាលកម្ពុជា២០២៣ ចូលរួមសម្តែងបានក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។ នេះបើតាមការបញ្ជាក់របស់លោកស្រី ប៊ុន ចាន់និមល នៅថ្ងៃទី១ ខែឧសភា។
«ឃើញក្បាលខ្ញុំទេ?» បានចាក់បញ្ចាំងជាផ្លូវការក្នុងរោងកុននាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីចាក់បញ្ចាំងផ្លូវការភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀមនេះធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយមានអ្នកខ្លះបានឱ្យពិន្ទុទាបចំពោះរឿងនេះ ចំណែកទស្សនិកជនមួយចំនួនធំបានឱ្យពិន្ទុខ្ពស់គួរសមទៅលើស្នាដៃភាពយន្តខ្មែរមួយនេះ។ ដ្បិតថាមានមតិវែកញែកក៏ពិតមែន ប៉ុន្តែក្រឡេកទៅមើលសន្ទុះចលនាគាំទ្រភាពយន្តខ្មែរនាពេលបច្ចុប្បន្នឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាកស្តែង ភាពយន្តនេះបានក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។
លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុក ថ្ងៃទី១ ខែឧសភា នេះថា «សូមអរគុណពុកម៉ែប្អូនដែលជួយឱ្យ «ឃើញក្បាលខ្ញុំទេ?» ក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។ នាងខ្ញុំ សូមគោរពអញ្ជើញពុកម៉ែបងប្អូនដែលមិនទាន់បានទស្សនារឿង «ឃើញក្បាលខ្ញុំទេ» អញ្ជើញទៅទស្សនាទាំងអស់គ្នា»។ ជាការកត់សម្គាល់របាំគែនក៏ត្រូវបានបញ្ចូលជាទស្សនីយភាពក្នុងភាពយន្តនេះផងដែរ ដែលយើងកម្របានឃើញការសម្តែងនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថា ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀតទាំងដែលរឿងនេះនៅមិនទាន់ចាក់បញ្ចាំងក្នុងរោងកុនក្នុងប្រទេសនៅឡើយ៕










