ទំព័រហ្វេសប៊ុករបស់ Office of the Consumer Protection Board ប្រទេសថៃបានសរសេរដាស់តឿនពលរដ្ឋថា ការប្រើប្រាស់កង្ហារព្យួរនៅក មានគ្រោះថ្នា.ក់ខ្លាំង និងសូមកុំទិញយកមកប្រើប្រាស់ ពីព្រោះនៅប្រទេសស៊ុយអែតបានផ្សាយពីគ្រោះថ្នាក់របស់កង្ហារព្យួរនៅក ហើយបានប្រមូលផលិតផលនេះចេញពីទីផ្សារ រួមទាំងទីផ្សារអនឡាញផងដែរ ។ អតិថិជនទិញកង្ហារព្យួរនៅក មកប្រើប្រាស់នឹងប្រឈមជាមួយជំងឺមហារីក ដោយសារវាផលិតឡើងដោយការប្រើប្រាស់ផ្លាស្ទិកច្រើន និងមានសារធាតុសំណ ។ 
លោក Jesada Denduangboriphan សាស្ត្រាចារ្យផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បានសរសេរក្នុងបណ្តាញសង្គមថា ទំព័រហ្វេសប៊ុករបស់ Office of the Consumer Protection Board បានដាស់តឿនពលរដ្ឋអំពីផលិតផលនេះ គឺសំដៅលើម៉ាកតែមួយប៉ុណ្ណោះ ។ វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីទំព័រហ្វេសប៊ុកនេះសរសេរថា កង្ហារព្យួរនៅក មានគ្រោះថ្នាក់បណ្តាលឱ្យកើតជំងឺមហារីក ដោយសារការប្រមូលផ្តុំនូវសារធាតុសំណក្នុងបន្ទះសៀគ្វី និងខ្សែ USB ។
កង្ហារព្យួរនៅក ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីកនោះ គឺម៉ាក Instant Cold™ neck fan ម៉ូឌែលផលិតផល 6994319860164 ។ រីឯមូលហេតុធ្វើឱ្យផលិតផលនេះគ្មានសុវត្ថិភាព ព្រោះវាមិនស្របតាមការកំណត់របស់ Directive ដោយសារបានប្រើប្រាស់សារធាតុគ្រោះថ្នាក់មួយចំនួនក្នុងឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ។
វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ហើយបើផលិតផលនេះបានប៉ះពាល់ជាមួយស្បែកមនុស្សរយៈពេលយូរ វានឹងធ្វើឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីក ។ ប៉ុន្តែការប្រកាសដាស់តឿនពលរដ្ឋ មិនសំដៅលើកង្ហារព្យួរនៅកគ្រប់ម៉ាកដូចអ្នករាល់គ្នាបារម្ភនោះទេ ។ ដូច្នេះ យើងអាចទិញម៉ាកផ្សេងប្រើប្រាស់បាន ។
តើសារធាតុសំណមានគ្រោះថ្នាក់ដល់រាងកាយដូចម្តេចខ្លះ?
តាមគេហទំព័រ pobpad.com បញ្ជាក់ថា ពេលសារធាតុសំណចូលក្នុងរាងកាយ វានឹងភ្ជាប់ជាមួយកោសិកាឈាមក្រហម ហើយរាលដាលទៅដល់ឆ្អឹង និងសរីរាង្គផ្សេងៗ ដូចជា ៖ ថ្លើម, តម្រងនោម, ខួរឆ្អឹង និងខួរក្បាល ហើយវានឹងប៉ះពាល់ដល់ដំណើរការប្រព័ន្ធប្រសាទ ។
បើកុមារបានទទួលសារធាតុសំណប្រមូលផ្តុំច្រើនក្នុងរាងកាយ វានឹងធ្វើឱ្យកុមារលូតលាស់យឺត, ឈឺចាប់រាងកាយ, មានបញ្ហាផ្នែកប្រាជ្ញា និងការស្តាប់ឮ ជាដើម ។ រីឯមនុស្សចាស់អាចមានរោគសញ្ញាដូចគ្នាជាមួយកុមារដែរ ព្រមទាំងមានភាពខុសប្រក្រតីផ្សេងទៀត គឺការចងចាំ ។
ក្រៅពីនេះ សារធាតុសំណនឹងបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះផងដែរ គឺបណ្តាលឱ្យរលូតកូន, សម្រាលកូនមុនកំណត់, ប៉ះពាល់ខួរក្បាល និងការអភិវឌ្ឍសរសៃប្រសាទទារកក្នុងផ្ទៃ ៕










