ពិធីបុណ្យចូលឆ្នាំខ្មែរតែងប្រារព្ធធ្វើឡើរយៈពេល៣ឬ ៤ថ្ងៃជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះឡើយ ខណៈដែលមានរឿងព្រេងនិទានមួយទាក់ទងនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ដោយលើកឡើងអំពីការកាត់ព្រះសិរសាររបស់កបិលមហាព្រហ្ម ដើម្បីថ្វាយឲ្យក្មេងប្រុសធម្មបាលកុមារ ព្រោះតែចាញ់ប្រស្នា។

យោងតាមសៀវភៅមហាសង្ក្រាន្ត រឿងព្រេងមួយដំណាលថា មានក្មេងប្រុសម្នាក់ ឈ្មោះធម្មបាលកុមារ ដែលជារបស់កូនប្រុសរបស់សេដ្ឋីនាយម្នាក់ក្នុងតំបន់។ ក្មេងប្រុសធម្មបាលកុមារ ម្នាក់នេះ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសវិសាល រៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុ៧ឆ្នាំមកម្លេះ ហើយថែមចេះស្តាប់ទាំងភាសារបស់ពពួកសត្វទាំងពួងទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGWQ-l959Ko6s9174EByDKTsfoehHxHCccT0vyp6cxXT-XBHNygEy-CJ8LJMTDYh5C5nsDy3emHccKHC2XgqYrIbAYVJbAvjfW9HJckoAKLUOQBcyvIoUdgn3_JRKBNrWSWEml2morYSe4H6CPphoxEb0ynQA0glJ7IabTJDI6z8hRbY1iMRZz6xN1zZE/s474/photo_2024-04-11_11-47-54.jpg

កាលគ្រានោះ មនុស្សលោករមែងរាប់អានទេវតា ព្រះមហាព្រហ្ម និងកបិលមហាព្រហ្មជាដើម។ ខណៈនៅថ្ងៃមួយនោះ កបិលមហាព្រហ្មក៏បានជ្រាបព័ត៌មានរឿងធម្មបាលកុមារថាជាកុមារខ្លាំងពូកែ ក៏ចុះមកល្បងប្រាជ្ញាជាមួយ ដោយដាក់នូវប្រស្នាចំនួន៣ ខ ព្រមជាមួយនឹងលក្ខខណ្ឌថា “បើចៅ ដោះប្រស្នារបស់យើងបានយើងនឹងកាត់ ព្រះសិរសាបូជាជូនចៅឯង ប៉ុន្តែបើចៅឯង ដោះប្រស្នាយើងមិនរួចទេចៅឯងត្រូវកាត់ក្បាលថ្វាយដល់យើងវិញ”។ ធម្មបាលកុមារក៏មានរយៈពេល ៧ថ្ងៃ ដើម្បីដោះប្រស្នាផងដែរ។

លុះកន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារក៏នៅតែគិតមិនឃើញអំពីចម្លើយនៃប្រស្នា ក៏ដឹងខ្លួនថា ព្រឹកស្អែកនេះខ្លួននឹងស្លាប់ ដោយការកាត់ក្បាលជូនកបិលមហាព្រហ្មជាពុំខាន។ ដោយហេតុថាភ័យពេក ធម្មបាលកុមារក៏បានរត់ទៅលាក់ខ្លួន ដេកពួននៅក្រោមដើមត្នោតមួយដើម ខណៈដែលដើមត្នោតនេះក៏មានសត្វឥន្ទ្រីញី-ឈ្មោល កំពុងតែអាស្រ័យនៅលើដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9LsZE6QvDDvIFcWHHluSj-wfi13zK5DMevr8v9gMI_e9x_4BTRZVLUl3VcSOHlaKpkpEvbJzlEer2TS5IZJW1FtkseO8zAdTLD_yUIGkUhkoFodwoDiFdJG51TT-HoOu6lmGVPFxFLb4wzAttRAu1K_XDamN4ZcXKEs8TseGKZJudVpipVnTt-7rxTA/s960/57486170_2297114980578205_6431498094495399936_n.jpg

នៅវេលាយប់ស្ងាត់ មុននឹងឈានដល់ថ្ងៃទី៧ សត្វឥន្ទ្រីញីក៏សួរទៅឥន្ទ្រីឈ្មោលថា “ព្រឹកនេះយើងបានអាហារពីណាស៊ី? “ឥន្ទ្រីឈ្មោលឆ្លើយថា «យើងនឹងស៊ីសាច់របស់ធម្មបាលកុមារ ព្រោះនឹងត្រូវស្លាប់ដោយសារតែមិនអាចដោះប្រស្នាកបិលមហាព្រហ្មបាន»។ ឥន្ទ្រីញី សួរទៀតថា “ប្រស្នានោះដូចម្តេច?” ឥន្ទ្រី ឈ្មោលឆ្លើយថា “ប្រសា្ននោះមាន៣ខ៖ ខទី១ ពេលព្រឹកសិរីសួស្ដីឋិតនៅត្រង់ណា ”ខ” ទី២ពេលថ្ងៃត្រង់សិរីសួស្ដីឋិតនៅ ត្រង់ណា និង “ខ” ទី៣ ពេលល្ងាចសិរី សួស្ដីឋិតនៅត្រង់ណា”។

ឥន្ទ្រីញីសួរទៀត “ចុះសិរីសួស្ដីទាំង៣ ពេលនោះ ឋិតនៅត្រង់ណាទៅ?”ឥន្ទ្រី ឈ្មោលឆ្លើយ «ខទី១» ពេលព្រឹកសិរីសួស្តីឋិតនៅលើមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកទៅលុបមុខ។ «ខទី២» ថ្ងៃត្រង់សិរីឋិតនៅលើទ្រូង ហេតុនោះទើប មនុស្សត្រូវយកទឹកលាងទ្រូង។ និង«ខទី៣» ពេលល្ងាចសិរីស្ថិតនៅលើជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាង ជើង”។ ដោយហេតុថា ធម្មបាលកុមារបានសម្រាកនៅក្រោមដើមនោះក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយទាំងអស់ អស់បារម្ភក៏ត្រឡប់ទៅផ្ទះវិញទាំងសប្បាយរីករាយក្រៃលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7C66FLEMpoAhPPIM9Pu-9LvycuS22vYXB9s5spYd0JYgoqtTwZlotdniaSzpmtdS0PSt8nUMMQcTJqOQ6hFjf-pqaaX-5Gz1Ec7O3Gda5Ks8gXqoJDU2VQHUmxpj9cuZBOjllYo4-bZ4uZF8mGHf2mZUyUQMUtzEfZITDxuz0T7rLwmKN0Wv3Yn-ONU/s1200/56835659_1395199460619895_6592819303811121152_n.jpg

លុះព្រឹកឡើងកបិលមហាព្រហ្មក៏ចុះមកសួរប្រស្នា ធម្មបាលកុមារក៏ឆ្លើយដោះត្រូវទាំង៣ខ។ តែមុននឹងកាត់ព្រះសិរសាទៅតាមពាក្យសន្យា កបិលមហាព្រហ្មបានហៅទេពធីតាទាំង៧អង្គ ដោយផ្តាំថា «បើដាក់ព្រះសិរសាបិតាទៅលើផែនដីនឹងកើតជាភ្លើងឆេះទាំងលោកធាតុ ប៉ុន្តែបើបោះទៅលើអាកាស ភ្លៀងនឹងកើតគ្រោះរាំងស្ងួត ហើយបើចោលក្នុងមហាសមុទ្រទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះសូមឲ្យបុត្រីទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា”។ ថាហើយកបិលមហាព្រហ្ម ក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទុង្សាទេវីជាបុត្រីច្បង។

ព្រះនាងទុង្សាទេវីក៏យកពានទៅទទួលព្រះសិរសារបស់កបិលមហាព្រហ្ម ហើយដង្ហែប្រទក្សិណជុំវិញភ្នំព្រះសុមេរុ៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ថានទុកក្នុងមណ្ឌលក្នុងគុហាគន្ធមាលី នៃភ្នំកៃលាស បូជាគ្រឿងទិព្វផ្សេងៗ។ លុះដល់គម្រប់១ឆ្នាំជាសង្ក្រាន្ត ទេពធីតាទាំង៧អង្គក៏ផ្លាស់វេនគ្នា មកអញ្ជើញព្រះសិរសាកបិលមហាព្រហ្មចេញមកដង្ហែប្រទក្សិណភ្នំព្រះសុ មេរុរៀងរាល់ៗឆ្នាំ ហើយត្រឡប់ទៅឋានទេវលោកវិញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3442IH49RhwRBGeFpsd2YYEtWwfKk39H0rxjh8lb0xAMpElthCrf-gxF6TrL_zsY0sQEjzaKrVZGaCzPPCa89prHglCUhv6ykMWh7ghwLwjvuIm4I-4sY_WO3axsEtmWYa2KhQEjpEuevvkNKLMQ5Z3sIA7Xqf_blxfWxUG4JVHIuwVRREzVDM2lL-aY/s300/images.jpg