បច្ចុប្បន្ននេះ មានទូរស័ព្ទថ្មីៗជាច្រើនត្រូវបានចេញលក់ ប៉ុន្តែអ្នកខ្លះមិនចង់ប្តូរនិងទិញទូរស័ព្ទថ្មីៗនោះទេ ដោយពួកគេនៅតែបន្តប្រើប្រាស់ទូរស័ព្ទចាស់ៗ ក៏ដូចជាចង់ថែរក្សាទូរស័ព្ទរបស់ពួកគេឱ្យនៅតែស្អាត និងនៅតែអាចប្រើប្រាស់បានជារៀងរហូត ទោះបីជាវាហួសសម័យក៏ដោយ។ ដូច្នេះដើម្បីរក្សាទូរស័ព្ទចាស់ៗឱ្យនៅស្អាត និងនៅតែអាចប្រើប្រាស់បានយូរអង្វែង យើងនឹងប្រាប់ពីគន្លឹះសំខាន់ៗដូចខាងក្រោម៖
១.ទុកនៅសីតុណ្ហភាពត្រជាក់៖ ទុកទូរស័ព្ទរបស់អ្នកនៅកន្លែងត្រជាក់ និងស្ងួត ដោយចៀសវាងសីតុណ្ហភាពក្តៅពេក ដោយសារតែវាអាចបំផ្លាញទូរស័ព្ទរបស់អ្នកបាន ហើយវាក៏មិនគួរទុកនៅកន្លែងសើមដែរ។
២.សាកថ្មទូរស័ព្ទជាប្រចាំឱ្យបានត្រឹមត្រូវ៖ ជាធម្មតា ទូរស័ព្ទដៃគឺជាឧបករណ៍មួយដែលមានថ្ម បើមិនយកចិត្តទុកដាក់ទេ វានឹងបង្កបញ្ហាបាន។ ដូច្នេះការថែទាំថ្មជាមូលដ្ឋានគឺសាកថ្មឱ្យបានត្រឹមតែ ៥០ – ៨០% ជាប្រចាំគឺគ្រប់គ្រាន់សម្រាប់ការផ្ទុក និងល្អបំផុតសម្រាប់ការថែរក្សាអាយុថ្មឱ្យវានៅយូរអង្វែង ប្រសិនបើសាក ១០០% ពេញពេកវាអាចធ្វើឱ្យថ្មទូរស័ព្ទឆាប់ខូច។ 
៣.ជៀសវាងការទុកទូរស័ព្ទរបស់អ្នកនៅក្រោមពន្លឺថ្ងៃ៖ ការទុកទូរស័ព្ទរបស់អ្នកនៅក្រោមពន្លឺថ្ងៃ អាចជះឥទ្ធិពលអវិជ្ជមាន ព្រោះពេលខ្លះកំដៅពីពន្លឺព្រះអាទិត្យនឹងធ្វើឱ្យទូរសព្ទដៃផុយបានយ៉ាងងាយ ហើយឧបករណ៍និងអេក្រង់ក៏កាន់តែយ៉ាប់យ៉ឺនដោយសារតែពន្លឺព្រះអាទិត្យផងដែរ។
៤.ដកថ្មចេញ៖ ប្រសិនបើវាជាទូរស័ព្ទដែលផលិតមុនឆ្នាំ ២០០០ ម៉ូឌែលខ្លះគួរតែដកថ្មចេញ ដោយសារថ្មអាចក្លាយទៅជាកាកសំណល់អេឡិចត្រូនិកផលិតឡើងវិញបាន ខណៈដែលទូរស័ព្ទមិនអាចប្រើប្រាស់បានទៀតឡើយ ដូច្នេះអ្នកគួរតែបោះចោលតាមរបៀបត្រឹមត្រូវ៕










