នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីពេលថ្មីៗនេះ FinDreams ជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD នឹងដំណើរការថ្មរថយន្ត ប្រភេទ Blade ជំនាន់ទី២ នៅចុងឆ្នាំ២០២៤ ដែលវាមានថាមពលខ្ពស់ គឺសាកម្តង រថយន្តអគ្គិសនីអាចបើកបរបានចម្ងាយ១ពាន់គីឡូម៉ែត្រ ។ លើសពីនេះ ក្រុមហ៊ុននឹងបង្ហាញថ្មថ្មីសម្រាប់រថយន្តអគ្គិសនី នៅខែសីហា ឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងជាមួយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ។
គេរំពឹងថា ការផលិតថ្មថ្មីលើកចុងក្រោយសម្រាប់រថយន្តអគ្គិសនី នឹងក្លាយជាថ្មមានថាមពលខ្ពស់បំផុត ហើយក្រុមហ៊ុនអាចកាត់បន្ថយការចំណាយដើមទុនក្នុងការផលិតថ្ម រហូតដល់៣០% ។ ហេតុនេះ វានឹងធ្វើឱ្យការបើកបររថយន្តអគ្គិសនីកាន់តែមានសុវត្ថិភាព, ទំនុកចិត្ត និងមានរយៈពេលប្រើប្រាស់បានយូរផងដែរ ។
នេះចាត់ទុកថា វាជាភាពជោគជ័យមួយរបស់ក្រុមហ៊ុន BYD ផ្នែកផលិតថ្មរថយន្តអគ្គិសនី ពីព្រោះក្រៅពីក្រុមហ៊ុននេះនឹងបំពាក់ថ្មថ្មីជាមួយរថយន្តតម្លៃថោករបស់ខ្លួន ដូចជា ៖ Seagull, Dolphin និង ATTO 3 រួចហើយ គឺក្រុមហ៊ុននឹងលក់ថ្មថ្មីទៅឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ដូចជា ៖ Tesla, Ford, Kia, Hyundai និង Toyota ។
នាយកក្រុមហ៊ុន BYD លោក Wang Chuanfu បានលើកឡើងអំពីការផលិតថ្មថ្មីសម្រាប់រថយន្តអគ្គិសនី ក្នុងអំឡុងពេលកិច្ចប្រជុំពីទំនាក់ទំនងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយថា ថ្មរថយន្តអគ្គិសនី ប្រភេទ Blade ជំនាន់ទី២ នឹងមានទំហំតូចជាង, ទម្ងន់ស្រាលជាង ព្រមទាំងមានភាពធន់ដូចថ្មរថយន្តអគ្គិសនីជំនាន់មុន ។
រីឯ Fast Technology រំពឹងថា ថ្មរថយន្តអគ្គិសនី ប្រភេទ Blade ជំនាន់ទី២ នឹងជួយឱ្យរថយន្តអគ្គិសនីទាំងអស់អាចបើកបរក្នុងចម្ងាយផ្លូវលើសពី១ពាន់គីឡូម៉ែត្រ ហើយកម្លាំងថ្មប្រភេទថ្មីនេះ គឺស្មើគ្នានឹងថ្មប្រភេទ Solid State របស់ IM Motors និងថ្មប្រភេទពាក់កណ្តាល Solid State របស់ NIO ដែលធ្លាប់បានបង្ហាញកាលពីពេលមុន ។
នៅខែមេសា ឆ្នាំ២០២៤ មានពាក្យចចាមអារ៉ាមពីក្រុមហ៊ុន BYD ថា ប្រព័ន្ធដោត DM-i Plug-in Hybrid ជំនាន់ទី៥ របស់ក្រុមហ៊ុន BYD នឹងជួយឱ្យរថយន្តអគ្គិសនីអាចបើកបរក្នុងចម្ងាយផ្លូវឆ្ងាយជាងមុន គឺជិតស្មើ២.០០០គីឡូម៉ែត្រឯណោះ ៕










