ប្រទេសរុស្ស៊ី ៖ មន្ត្រីក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ពលរដ្ឋរុស្ស៊ីបានមកចុះឈ្មោះធ្វើយោធា រហូតដល់ជាង១សែននាក់ បើគិតចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ។ រីឯរយៈពេល១០ថ្ងៃ ក្រោយកើតហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ មានពលរដ្ឋរុស្ស៊ីមកចុះឈ្មោះធ្វើយោធា ចំនួន១ម៉ឺន៦ពាន់នាក់ ។
មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថា ៖ «ក្នុងអំឡុងពេលសម្ភាសន៍រយៈពេល១សប្តាហ៍ នៅតាមទីក្រុងផ្សេងៗនៅប្រទេសរុស្ស៊ី គឺអ្នកមកចុះឈ្មោះធ្វើយោធាភាគច្រើនប្រាប់ថា ពួកគេចង់សងសឹកឱ្យអ្នកស្លាប់នៅកន្លែងប្រគំតន្ត្រី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤» ។
ហេតុការណ៍បាញ់ប្រហារនៅកន្លែងប្រគំតន្ត្រី Crocus City Hall នាពេលកន្លងមក បានធ្វើឱ្យមនុស្សស្លាប់មិនក្រោម១៤៤នាក់ ។ វាជាទង្វើរបស់ក្រុមប្រដាប់អាវុធរដ្ឋអីស្លាម (IS) ហើយពួកគេក៏បានប្រកាសថា នឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។
ទោះយ៉ាងណា ប្រទេសរុស្ស៊ីនៅតែជឿថា ក្រុមជនបង្កហេតុនេះ គឺជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែទីក្រុងកៀវរបស់អ៊ុយក្រែន បានបដិសេធយ៉ាងខ្លាំងថា មិនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះទេ ខណៈសហរដ្ឋអាមេរិកនិយាយថា វាជាគំនិតឥតប្រយោជន៍ ។)
ហេតុនេះ ប្រទេសរុស្ស៊ីត្រូវតែជ្រើសរើសកម្លាំងយោធាថ្មីជាបន្តបន្ទាប់ ដើម្បីបន្តគោលដៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ។ សង្គ្រាមនេះបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ តាំងពីរុស្ស៊ីបានបើកឆាកឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។
កាលពីឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានបញ្ជាឱ្យជ្រើសរើសបុរសរុស្ស៊ីចូលបម្រើយោធា ចំនួន៣សែននាក់ ។ ប៉ុន្តែលើកនេះ មេដឹកនាំរុស្ស៊ីនិយាយថា វាពុំចាំបាច់ទេ ដោយសារមានមនុស្សជាច្រើននាក់ស្ម័គ្រចិត្តចុះឈ្មោះធ្វើយោធា ។
ផ្ទាំងឃោសនាបានសរសើរយោធារុស្ស៊ី ដែលស្ម័គ្រចិត្តទៅប្រយុទ្ធនឹងអ៊ុយក្រែនថា «ជាអ្នកស្នេហាជាតិ» និង «ជាវីរបុរស» ត្រូវបានគេយកទៅបិទនៅតាមទីក្រុងផ្សេងៗទូទាំងប្រទេសរុស្ស៊ី ។ ក្រៅពីនេះ ប្រទេសរុស្ស៊ីបានលើកទឹកចិត្តដល់អ្នកមកចុះឈ្មោះធ្វើយោធា ដោយការផ្តល់ប្រាក់ខែឱ្យខ្ពស់ជាងប្រាក់ខែការងារធម្មតា ។
ចំណែកលោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងកាលពីខែមីនា ឆ្នាំ២០២៤ ថា ទីក្រុងមូស្គូ នឹងពង្រឹងកងកម្លាំងយោធាឱ្យកាន់តែរឹងមាំ នៅចុងឆ្នាំ២០២៤ នេះ ៕










