ដោយមើលឃើញថា បច្ចុប្បន្ននេះ ប្រជាកសិករខ្មែរជាច្រើនបានជួបនូវទុក្ខលំបាកទៅលើវិស័យកសិកម្ម បើទោះបីជាដំណាំរបស់ពួកគេដាំដុះបានយ៉ាងអំណោយផលល្អយ៉ាងណាក៏ដោយ ក៏វិបត្តិតម្លៃនៅលើទីផ្សារហាក់មិនសមស្រប ដោយបានលើកឡើងអំពីការក្រឡុកទីផ្សារឬទទួលបានការបន្ទាបតម្លៃពីឈ្មួញកណ្តាល។
ប៉ុន្តែ បើក្រឡេកមកមើលអំពីរបៀបដែល ប្រជាកសិករខ្មែរមួយចំនួនធ្វើកសិកម្មវិញ បើទោះបីជាមានផ្ទៃដីដាំដុះរាប់ហិចតាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើកសិកម្មបែបគ្រួសារ ពោលគឺធ្វើកសិកម្មបែបបុរាណដែលចេះតៗគ្នាមក គ្មានវិជ្ជាជីវៈត្រឹមត្រូវ និងមិនស្របតាមការអភិវឌ្ឍរបស់សង្គមមនុស្សបច្ចុប្បន្ន ដែលត្រូវជាសម័យបច្ចេកវិទ្យា AI។ ម៉្យាងវិញទៀត ប្រជាកសិករខ្លះនៅតែមិនទាន់យល់ដឹងអំពីយុទ្ធសាស្រ្តធ្វើទីផ្សារនៅឡើយទេ ជាពិសេសគឺទីផ្សារឌីជីថល។
«សម្រាប់សហគមន៍កសិកម្មទំនើប អ្វីៗត្រូវ ផ្អែកលើផែនការអាជីវកម្មច្បាស់លាស់ ជាពិសេស ផែនការផលិតកម្ម។ (លក់បានហើយទើបផលិត) មិនមែនដាំបានហើយទើបដើររកអ្នកទិញនោះទេ ចំណុច នោះហើយដែលជាភាពខ្លាំងនៃការធ្វើកសិកម្មជាទម្រង់ សហគមន៍កសិកម្មទំនើប ដែលកសិករធ្វើតូចៗជាលក្ខណៈ គ្រួសារអាចពិបាកនឹងធ្វើបាន។ សហគមន៍ប្រភេទនេះអាច តភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យា ដែលជាកិច្ចសន្យាមានទម្ងន់ អាច ចាប់បង្ខំឱ្យទាំងអ្នកលក់និងអ្នកទិញត្រូវតែអនុវត្តបាន» ដែលទាំងនេះគឺជាការលើកឡើងរបស់លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោកបានបន្តទៀតថា «មនុស្សមួយចំនួនអាចនឹងយល់ច្រឡំរវាង សហគមន៍កសិកម្មបច្ចុប្បន្ន និងសហគមន៍កសិកម្មទំនើប ។ សហគមន៍កសិកម្មបច្ចុប្បន្ន គឺសំដៅលើសហគមន៍តូចៗ សមាជិកផលិតរៀងៗខ្លួន ថ្លៃដើមផលិតខ្ពស់ បច្ចេកទេសច្រើន។ ចំណែកឯសហគមន៍កសិកម្មទំនើប គឺជាសហគមន៍ធំ មានសមាហរណកម្ម្ខខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន សមាជិកទាំងអស់មានផែនការផលិតកម្មរួម និងស្តង់ដាបច្ចេកទេសតែមួយ»។ 
ដូច្នេះហើយ ជាចុងក្រោយក៏សូមសំណូមពរដល់ប្រជាកសិករខ្មែរគ្រប់រូប ត្រូវចូលរួមសិក្សានិងបណ្តុះបណ្តាលបន្ថែមទៀតទាក់ទងនឹងវិស័យកសិកម្មនេះ តាមរយៈការជជែកពិភាក្សាជាមួយមន្រ្តីជំនាញពាក់ព័ន្ធ។ ម៉្យាងវិញទៀត ប្រជាកសិករក៏ត្រូវតែចេះស្វែងរកប្រភពព័ត៌មានឲ្យបានច្រើន ដើម្បីបានដៃគូរសហការតាមបណ្តាក្រុមហ៊ុនផលិតនិងកែច្នៃនានាក្នុងស្រុក។ ជាក់ស្តែងដូចជាក្រុមហ៊ុនមេរបស់អ៊ីស្រាអែល Floresta ដែលទើបតែប្រកាសទិញស្វាយចន្ទីដើម្បីកែច្នៃនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដំណាក់កាលដំបូងប្រមាណ១០០តោន និងក្រុមហ៊ុនជាច្រើនទៀតផងដែរ៕










