ថ្មីៗនេះ នៅតំបន់ប្រជុំកោះនៅខេត្តកែប គេឃើញមានវត្តមានជ្រូកទឹក បានវិលត្រឡប់ចូលមកសមុទ្រកម្ពុជាវិញ ក្រោយពីដល់រដូវនៃការលូតលាស់វាលស្មៅសមុទ្រខ្លុយកាក់ ដែលជាប្រភេទអាហាររបស់ជ្រូកទឹក ចូលចិត្តបំផុត។
ជ្រូកទឹក គឺជាថនិកសត្វធំមួយដែលរស់នៅពេញមួយជីវិតរបស់វានៅក្នុងទឹកសមុទ្រ ដោយភាគច្រើនវាចូលចិត្តរស់នៅកន្លែងដែលមានទឹកក្ដៅឧណ្ហៗ រាក់ ហើយថែមទាំងមានស្មៅសមុទ្រដុះ។
សត្វប្រភេទនេះ មានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។
វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ ប្រវែងទើបកើត ១-១,៥ម៉ែត្រ ពេញវ័យ ៣,៣-៤,១ម៉ែត្រ និងទម្ងន់ ទើបកើត ២៥-៣៥គីឡូក្រាម ពេញវ័យ ១០០០ គីឡូក្រាម៕










