ឧកញ៉ា ខេមរៈ សិរីមន្ត ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងមួយរូបចាប់ផ្តើមសកម្មភាពសិល្បៈរបស់ខ្លួនសហការជាមួយតារាចម្រៀងបរទេសដែលកន្លងមកថ្មីៗនេះលោកបានសហការចាប់ដៃគូជាមួយតារាចម្រៀងថៃ។ ទន្ទឹមនឹងការចាប់ដៃគូជាមួយតារាចម្រៀងបរទេស ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថាលោកនឹងចាប់ដៃគូជាមួយតារាបរទេសផ្សេងទៀត។ តារាចម្រៀងមានងារជាឧកញ៉ារូបនេះថា ការប្រឹងប្រែងរបស់លោកសហការនានាគឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរបង្ហាញទៅកាន់ពិភពលោក។
នៅលើបណ្តាញសង្គមរបស់ឧកញ៉ា ខេមរៈ សិរីមន្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកបានរៀបរាប់យ៉ាងដូច្នេះថា «គ្រប់យ៉ាងដែលខ្ញុំបានប្រឹងប្រែងធ្វើនៅពេលនេះគឺដើម្បីប្រទេសជាទីស្រលាញ់របស់ខ្ញុំ គ្រប់កិច្ចសហការ ជាមួយប្រទេសនានាទាំងអស់គឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរ»។ ឧកញ៉ា រូបនេះបន្តទៀតថា «ទោះពេលនេះមានបងប្អូនខ្លះមិនទាន់យល់ចិត្ត តែការពិតនឹងបង្ហាញនៅពេលលទ្ធផលពិតមកដល់»។.png)
ឧកញ៉ា ខេមរៈ សិរីមន្ត សង្កត់ធ្ងន់ថា «ទោះលោកមិនមែនជាអ្នកធំតែលោកសុំធ្វើកិច្ចការធំខ្លះជូនជាតិរបស់លោកតាមរយៈវិជ្ជាជីវៈសិល្បៈដែលលោកមានបង្ហាញទៅពិភពលោក»។
គួរបញ្ជាក់ថា តារាចម្រៀងមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះបានសហការជាមួយតារាចម្រៀងថៃ ចេញបទ«អូនរាំអែន» ហើយលោកក៏បានច្រៀងលាយភាសាថៃ ។ ការចេញបទចម្រៀងនេះក៏មានអ្នកមួយចំនួនបញ្ចេញមតិរិះគន់លោកដូចគ្នា។ ទោះជាយ៉ាងណាឧកញ៉ា ខេមរៈ សិរីមន្ត ធ្លាប់បានឆ្លើយតបដែរថាបើបទ អូនរាំអែន ល្បីនៅថៃគឺល្បី ដល់ឡាវនិងភូមា ហើយភាសាខ្មែរ និង អក្សរខ្មែរក៏ត្រូវបានបង្ហាញនៅទីនោះដែលជា មោទនភាពមួយ។ ម្យ៉ាងទៀតក៏អាចស្រូបទាញភ្ញៀវទេសចរពីប្រទេសទាំងនោះបានមួយផ្នែកតូចផងដែរ៕










