ក្រោយពីមានមតិយោបល់ព្រោងព្រាតករណីនិយាយភាសាខ្មែរលាយភាសាអង់គ្លេសរបស់តារាចម្រៀង សាយ ក្នុងកម្មវិធីមួយ Peypey Dy ដែលជាបុគ្គលល្បីឈ្មោះមួយរូបនៅលើបណ្តាញសង្គមក៏បានលូកមាត់ក្នុងរឿងនេះដូចគ្នា។ Peypey Dy ថា «ខ្លួនឯងមិនចេះបន្ទោសគេលើករឿងជាតិមកដាក់មុខ ទទួលស្គាល់ទៅថាខ្លួនឯងមិនចេះដូចគេ ចង់ឱ្យជឿនលឿនដូចគេ តែនៅតែក្នុងប្រលោះអត់ទៅណាសោះ»។
នៅរសៀលថ្ងៃទី២០ ខែមីនា Peypey Dy បុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គមដែលចុងក្រោយនេះបានធ្វើឱ្យផ្លែផាសិន ស្ត្រូបូរី ស្វាយ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបានលើកជាមតិយោបល់ផ្ទាល់ខ្លួនជុំវិញមានការរិះគន់ខ្លាំងនៅក្នុងកម្មវិធី The Thomith Show ដែល សាយ បានចូលរួមកាលពីកន្លងមកថ្មីៗនេះ។ លោកបានរៀបរាប់យ៉ាងដូច្នេះថា « អាចនឹងយឺតបន្តិចក្នុងការបញ្ចេញយោបល់។ ខ្ញុំធ្លាប់ជួបក្រុមហ៊ុនមួយដើម្បីពិភាក្សាការងារ ពេលនោះគាត់និយាយខ្មែរលាយអង់គ្លេស ពេលនោះខ្ញុំពិតជាស្តាប់មិនបាន ឬមិនយល់អត្ថន័យពេញលេញ។ ពេលនោះហើយ ដែលខ្ញុំស្តាយក្រោយ ដែលខ្ញុំមិនប្រឹងរៀនឱ្យពូកែដូចគេ ខ្ញុំបន្ទោសខ្លួនឯង ដែលខ្សោយភាសាអង់គ្លេស»។
Peypey Dy បន្តទៀតថា «ខ្ញុំនិយាយប្រាប់គេត្រង់ៗថា ថាខ្ញុំខ្សោយភាសាបរទេស ខ្ញុំមិនយល់កន្លែងណា ខ្ញុំសួរគេកន្លែងហ្នឹង គេអត់សើចយំខ្ញុំផង គេរីករាយចំពោះការនិយាយពន្យល់ខ្ញុំឡើងវិញ តែសួរថាខ្ញុំចង់ចេះដូចគេអត់? ខ្ញុំចង់ណាស់ខ្ញុំឃើញគេពូកែ គេចេះគេដឹង ខ្ញុំកោតសរសើរ ហើយសួរថាខ្ញុំស្រលាញ់ជាតិអត់? ខ្ញុំស្រលាញ់តែមនុស្សមានចំណេះដឹង គួរតែទទួលបានការស្រលាញ់ និងពាក្យសរសើរ មិនមែនខ្លួនឯងមិនចេះ បន្ទោសគេលើករឿងជាតិមកដាក់មុខទេ។ ទទួលស្គាល់ទៅ ថាខ្លួនឯងមិនចេះដូចគេចង់ឱ្យជឿនលឿនដូចគេ តែនៅតែក្នុងប្រលោះអត់ទៅណាសោះ។ ទម្លាប់លើកខ្លាចបាត់បង់នេះបាត់បង់នោះមកដាក់មុខ ព្រោះឃើញគេខុសពីការគិតនិងចំណូលចិត្តខ្លួនឯង»។
ការបញ្ចេញមតិយោបល់ខាងលើរបស់ Peypey Dy ឃើញថាមានអ្នកចូលទៅបង្ហាញការគាំទ្រច្រើនក្នុងនោះ សាយ ក៏បានចូលទៅ អរគុណ Peypey Dy ដូចគ្នាដែលបានយល់ពីខ្លួន និងអ្នកដទៃទៀតនៅក្នុងកម្មវិធីចែករំលែកនូវចំណេះដឹង ការមានទំនុកចិត្តលើខ្លួនឯង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្តនិងបទពិសោធន៍ផ្សេងៗ៕










