បរទេស៖ បច្ចុប្បន្នអត្រាទាក់ទាញភ្ញៀវទេសចរចិនរបស់សិង្ហបុរីបានងើបឡើងវិញរហូតដល់ ៩៦% បើប្រៀបធៀបទៅនឹងមុនការរាតត្បាត ខណៈប្រទេសថៃឈានដល់ ៦៣% និងឥណ្ឌូនេស៊ី ៤៨% ។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថាភ្ញៀវទេសចរចិនជាង ៣២៧,០០០ នាក់បានមកសិង្ហបុរីក្នុងខែកុម្ភៈ ស្មើនឹង ៩៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយចំនួននៃការកក់សំបុត្រយន្តហោះដោយភ្ញៀវទេសចរចិនទៅកាន់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយគឺ មានការប៉ាន់ប្រមាណឈានដល់ ១០១% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។ 
បើតាមទិន្នន័យពី Cicium ក៏បានបង្ហាញដែរថាចំនួនភ្ញៀវទេសចរចិននឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខនេះ។ ដូច្នេះបច្ចុប្បន្នអត្រានៃការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនរបស់សិង្ហបុរីគឺលើសពីទីផ្សារជិតខាង ខណៈប្រទេសថៃមានអត្រាស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនប្រហែល ៦៣% ឥណ្ឌូនេស៊ីមានត្រឹម ៤៨% ប៉ុណ្ណោះ។ នៅអឺរ៉ុប ចំនួនភ្ញៀវទេសចរចិននៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងទាបជាងឆ្នាំ ២០១៩ ៤០% ខណៈពេលដែលនៅសហរដ្ឋអាមេរិក តួលេខនេះគឺនៅ ៧៣%។
មូលហេតុដែលភ្ញៀវទេសចរចិនចាប់អារម្មណ៍ប្រទេសសិង្ហបុរីជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដោយសារគោលនយោបាយលើកលែងទិដ្ឋាការ ផ្តោតលើការលើកកម្ពស់ជាគោលដៅសុវត្ថិភាព និងការរៀបចំព្រឹត្តិការណ៍វប្បធម៌ ក៏ដូចជាការកម្សាន្តប្លែកៗជាច្រើន។ បើតាមគេហទំព័ររបស់ការិយាល័យក្រុមប្រឹក្សារដ្ឋចិនកាលពីខែកុម្ភៈក៏បានអត្ថាធិប្បាយផងដែរថា “សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលផ្តល់អត្ថប្រយោជន៍ច្រើនបំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរចិន” ។
គួរបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ភ្ញៀវទេសចរចិនជាច្រើនបានសម្រុកទៅប្រទេសសិង្ហបុរីដើម្បីទៅលេងញាតិមិត្តនិងសម្រាកលំហែកាយ ធ្វើឱ្យសិង្ហបុរីទទួលបានអត្ថប្រយោជន៍ពីទីផ្សារទេសចរណ៍ចិនយ៉ាងច្រើន។ លោក Lim Ching Kiat អនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍អាកាសចរណ៍ និងដឹកទំនិញនៅអាកាសយានដ្ឋាន Changi បាននិយាយថា បច្ចុប្បន្នសិង្ហបុរីកំពុងអនុវត្តសកម្មភាពទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវបរទេសផ្សេងទៀត ឱ្យមកទស្សនាភាពសម្បូរបែបរបស់ប្រទេសសិង្ហបុរី។ លោក Lim Ching Kiat បានបន្តទៀតថា ភ្ញៀវទេសចរទាំងអស់តែងតែមានអារម្មណ៍សុវត្ថិភាព និងផាសុកភាព នៅពេលដែលពួកគេមកកម្សាន្តនៅប្រទេសសិង្ហបុរី៕










