វៀតណាម៖ បន្ទាប់ពីមានវីដេអូមួយផ្ទុះពេញបណ្តាញសង្គមកាលពីថ្ងៃទី១៨ ខែមីនា ដោយអ្នកលក់ពុទ្រាវៀតណាមម្នាក់មានភាពមិនស្មោះត្រង់ជាមួយភ្ញៀវទេសចរបរទេស នៅពេលជនបរទេសសួរតម្លៃផ្លែពុទ្រាមួយថង់មានតម្លៃ ២០ ម៉ឺនដុង ស្មើនឹង ៨ ដុល្លារអាមេរិក ធ្វើឱ្យជនបរទេសមានការហួសចិត្តជាខ្លាំងដោយមានបំណងចង់បានលុយត្រលប់មកវិញនឹងមិនទិញផ្លែពុទ្រានោះទេ រហូតអ្នកលក់និងអ្នកទិញមានការប្រទាញគ្នាទៅវិញទៅមក។ 
រំលងប្រហែលមួយថ្ងៃក្រោយមកនៅថ្ងៃទី១៩ ខែមីនា អាជ្ញាធរក្នុងទីក្រុងហាណូយបានផាកពិន័យអ្នកលក់ដូរពុទ្រាតាមដងផ្លូវនេះចំនួន ១៥០,០០០ ដុង (ប្រមាណ ៦ ដុល្លារអាមេរិក) ពីបទប៉ុនប៉ងយកប្រាក់លើសពីភ្ញៀវទេសចរ។ លោកស្រី Bui Thi Lan Huong អនុប្រធានរដ្ឋបាលនៅស្រុក Tay Ho បាននិយាយថា ការផាកពិន័យនេះគឺជាការដាក់ទណ្ឌកម្មចំពោះការបំពានសណ្តាប់ធ្នាប់ទីក្រុង។
ចំពោះការរំលោភលើតម្លៃនេះ ខណៈដែលអ្នកលក់បានប្រគល់ប្រាក់ ២00,000 ដុងដល់ភ្ញៀវទេសចររួចហើយក៏ដោយ ក៏អាជ្ញាធរណែនាំនាងកុំឱ្យធ្វើបែបនេះម្តងទៀត។ នៅទីស្នាក់ការកណ្តាលបានសម្តែងការសោកស្ដាយចំពោះទង្វើរបស់អ្នកលក់ម្នាក់នេះ និងសុំទោសដែលបង្កើតការចាប់អារម្មណ៍ដោយអចេតនាអំពីទីក្រុងហាណូយក្នុងចំណោមភ្ញៀវទេសចរបរទេស។

ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Buoi លោក Nguyen Minh Hoai បានឱ្យដឹងថា បច្ចុប្បន្នពួកគេបានអំពាវនាវឱ្យអ្នកលក់តាមដងផ្លូវទាំងអស់គោរពតាមបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម បង្ហាញអាកប្បកិរិយាស្មោះត្រង់ ត្រឹមត្រូវ និងមិនលក់ផលិតផលនៅតំបន់ហាមឃាត់៕










