ប្រទេសវៀតណាម ៖ កាលពីចុងឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chin បានធ្វើដំណើរទៅកាន់តំបន់ Silicon Valley ស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុន Semiconductor ដូចជា ៖ Synopsys និង Nvidia ។ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីវៀតណាមត្រឡប់មកប្រទេសវិញ លោកបានបញ្ជាទៅក្រសួងចំនួន៤ ឱ្យបង្កើនចំនួនវិស្វករវៀតណាមរាប់ម៉ឺននាក់ ដែលអាចធ្វើការផ្នែកផលិត Semiconductor ។
ហេតុនេះ ការព្យាយាមរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនផ្នែកឧស្សាហកម្មបន្ទះឈីប បានដំណើរការជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ នេះ ។
លោក Huynh Thanh Da រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្លែងថា រដ្ឋាភិបាលបានបង្កើនសិទ្ធិប្រយោជន៍ផ្នែកពន្ធសម្រាប់ផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា ៖ Semiconductor ហើយវៀតណាមរីករាយទទួលស្វាគមន៍ការវិនិយោគថ្មីៗពីបរទេសផងដែរ ។ រដ្ឋាភិបាលនឹងសហការជាមួយក្រសួង និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដើម្បីជំរុញការស្រាវជ្រាវ និងទាក់ទាញអ្នកមានជំនាញខ្ពស់មកវិនិយោគក្នុងឧស្សាហកម្ម Semiconductor កាន់តែច្រើន ។
ក្រៅពីនេះ វៀតណាមមានគោលបំណងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកឧស្សាហកម្ម Semiconductor ដោយសារប្រទេសជាច្រើនចាំបាច់កាត់បន្ថយហានិភ័យពីប្រទេសចិន ស្របពេលស្ថានការណ៍នយោបាយមានភាពតានតឹងខ្លាំងឡើង ។ ហេតុនេះ វៀតណាមនឹងអាចប្រកួតប្រជែងជាមួយតៃវ៉ាន់ និងកូរ៉េខាងត្បូងបាន ។
ទោះយ៉ាងណា វៀតណាមនៅតែប្រឈមមុខជាមួយឧបសគ្គជាច្រើនទៀត ខណៈចំនួនកម្លាំងពលកម្មមានជំនាញរបស់វៀតណាមមានកំណត់ ក៏ដូចជាអសន្តិសុខថាមពលនៅមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យានៅភាគខាងជើងវៀតណាមផងដែរ ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបង្ហាញថា វៀតណាមមានវិស្វករទទួលបានការបណ្តុះបណ្តាលផ្នែក Semiconductor ប្រមាណ៥.០០០នាក់ ប៉ុន្តែវៀតណាមត្រូវតែមានវិស្វកររហូតដល់២ម៉ឺននាក់ ក្នុងរយៈពេល៥ឆ្នាំទៀត ។
លោក Nguyen Thanh Yen ជាវិស្វករមកពីក្រុមហ៊ុនរចនាបន្ទះឈីប CoAsia SEMI និយាយថា រដ្ឋាភិបាលវៀតណាមក៏បានជ្រាបពីការខ្វះខាតកម្លាំងពលកម្មផងដែរ ហើយរដ្ឋាភិបាលជំរុញឱ្យមានការបណ្តុះបណ្តាលវិស្វករបន្ថែមទៀត ។ លើសពីនេះ រដ្ឋាភិបាលបានបង្កើតគម្រោងជាក់លាក់ដើម្បីបង្កើនចំនួនវិស្វករផ្នែក Semiconductor ៕![]()










