ក្លិបអ្នកកាសែតកម្ពុជានឹងដឹកនាំក្រុមសារព័ត៌មានជិត ៣០ ស្ថាប័ន ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ក្នុងទឹកដីនៃខេត្តសៀមរាបនៅប៉ុន្មានថ្ងៃខាងមុខ ក៏ជាជួយជំរុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដោយមានការរួមសហការពីបណ្តាក្រុមហ៊ុនជាច្រើន ប៉ុន្តែក្រសួងពាក់ព័ន្ធនិងអាជ្ញារធរខេត្តហាក់មិនខ្វាយ.ខ្វល់។
កាលពីព្រឹកថ្ងៃទី១២ ខែមីនានេះ យោងតាមការបង្ហោះរបស់លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានរៀបរាប់ថា «ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាបមិនទាន់មានកំណើនភ្ញៀវល្អនៅឡើយ ទើបក្លិបអ្នកកាសែតកម្ពុជាក៏សាកល្បងដឹកនាំសារព័ត៌មានជិត ៣០ ស្ថាប័ន រួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុនច្រើនណាស់សម្តែងក្តីរីករាយចូលរួមសហការ ប៉ុន្តែផ្នែករដ្ឋ ជាពិសេសក្រសួងនិងខេត្តហាក់ដូចជាយល់ថា “រឿងរបស់អ្នក”»។
តាមរយៈការបង្ហោះរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជាខាងលើនេះ គឺសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរខេត្តសៀមរាប សូមមេត្តាជួយចូលរួមរៀបចំ និងសហការ ឲ្យបានច្រើនបំផុត ដើម្បីរួមគ្នាលើកកម្ពស់និងជំរុញវិស័យទេសចរនៅក្នុងខេត្តសៀមរាប ចំណេញដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើននូវប្រភពចំណូលដ៏កាក់កបជូនអាជីវករនិងប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខេត្ត ក្នុងន័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានកាន់តែច្រើន។ ជាពិសេស គឺព្រឹត្តិការណ៍សំខាន់ ២ ធំៗ ក្នុងខែមីនានេះ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
យ៉ាងណាមិញ ព្រឹត្តិការណ៍សំខាន់ ២ នៅលើទឹកដីនៃខេត្តសៀមរាប ក្នុងខែមីនារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះគឺ ទី១ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៦, ១៧ ។ ព្រឹត្តិការណ៍ទី២ គឺព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តខ្មែរដ៏អស្ចារ្យនិងកម្រ នៅចន្លោះថ្ងៃទី ២១,២២,២៣ ខែមីនានេះ។ តាមរយៈព្រឹត្តការណ៍ទាំង ២ នេះ គេសង្ឃឹមយ៉ាងមុតមាំថា នឹងមានការអញ្ជើញចូលយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ថា ខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ប្រមូលផ្តុំដោយប្រាសាទបុរាណតូច ធំ និងទីតាំងប្រវត្តិសាស្រ្តខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺ ប្រាសាទអង្គរវត្តដែលតំណាងឲ្យព្រលឹងដូនតាខ្មែរបានសាងសង់ឡើងក្នុងសតវត្សទី១២ ថែមទាំងជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តមួយនេះក៏នៅមានតំបន់សក្តានុពលទេសចរណ៍ជាច្រើនកន្លែងទៀតដូចជាឧទ្យានជាតិភ្នំគូលែន ភ្នំបាខែង សហគម៍អេកូរទេសចរណ៍បន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ កម្សាន្តតាមដងស្ទឹងសៀមរាប ភូមិបណ្តែតទឹកកំពង់ភ្លុក កំពង់ផែចុងឃ្នៀស និងតំបន់រាត្រី Pub Street ជាដើម។
ជាការកត់សម្គាល់ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារផងដែរ៕











