កាលពីពេលថ្មីនេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ប្រទេសថៃ Thai PBS គឺបានរៀបរាប់អំពីទុក្ខលំបាករបស់ប្រជាកសិករថៃទៅលើដំណាំផ្លែស្វាយ ដែលខណៈពេលនេះ ទីផ្សារស្វាយកែវរមៀតខ្មែរកំពុងតែមានទីផ្សារខ្លាំងក្នុងប្រទេសថៃ ដែលបានបណ្តាលឲ្យតម្លៃស្វាយស្រុកថៃមានការធ្លាក់ចុះខ្លាំង ១ គីឡូក្រាមត្រឹមតែ ២-៣បាតប៉ុណ្ណោះ។
ដោយឡែក ក្រឡេកមកមើលស្វាយកែវរមៀតរបស់ខ្មែរវិញ បច្ចុប្បន្ននេះក៏មានសន្ទុះនៃការគាំទ្រច្រើនដូចគ្នាដែរក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាផ្លែឈើហូបផ្លែដ៏ឆ្ងាញ់ពិសារ ងាយស្រួលដាំ និងពេញនិយមក្នុងចំណោមប្រជាជនខ្មែរប៉ុណ្ណោះទេ ដោយមើលឃើញថាកាលពីពេលថ្មីៗនេះ អាជីវករនិងអ្នកលក់ជាច្រើនបានកែច្នៃផ្លែស្វាយធ្វើជាភេសជ្ជៈលក់ព្រោងព្រៀត ជាពិសេសគឺស្វាយគ្រីម កំពុងតែផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំង។
ទោះជាយ៉ាងណា យោងតាមការបញ្ចេញមតិនៅលើបណ្តាញសង្គមអ៊ីនធើណែតក្នុងចំណោមប្រជាកសិករខ្មែរជាច្រើនក៏បានលើកឡើងស្រដៀងៗគ្នាថា បើទោះបីជាស្វាយកែវរមៀតខ្មែរកំពុងតែមានទីផ្សារនៅក្នុងប្រទេសថៃក៏ពិតមែន ក៏តម្លៃស្វាយរបស់ពួកគាត់ហាក់មិនឡើងថ្លៃ គ្មានទីផ្សារ និងកាន់តែធ្លាក់ថ្លៃខ្លាំងឡើងផងដែរ។
ជាមួយគ្នានេះ អ្នកខ្លះក៏បានបញ្ចេញមតិថា «បងហ៎ា ថ្ងៃនេះស្វាយខ្ញុំគេទិញតែ៣០០រៀលទេ ធ្លាក់ពី១៨០០រៀលមក៣០០រៀលនៀគ មានចំណូលមកពីណា»។ អ្នកខ្លះថា «ខ្ញុំគឺជាឈ្មួញកណ្តាល ដោយសារស្វាយលក់ចេញបានតិច ទើបទិញចូលថោក ១គីឡូចំណេញ ១០០រៀល ទៅ១៥០រៀលប៉ុណ្ណោះ»។ អ្នកខ្លះថា «២០០រៀល! យំមិនចេញ! សើចក៏មិនចេញ!»។ អ្នកខ្លះថា«វាយលុកទីផ្សារ តែ៣០០រៀល អត់មានអ្នកទិញទៀត»។ អ្នកខ្លះទៀតថា«ស្វាយស្រុកខ្ញុំ ១គីឡូ ៣០០រៀល»។ អ្នកខ្លះថា«នៅខេត្តកណ្តាល ១គីឡូ ១៥០រៀល»។ ខ្លះថា«ទុំជ្រុះចោល មិនបានមើលផង»។
គួរបញ្ជាក់ដែរថា នាពេលកន្លងមកក៏មានការបញ្ជាក់ពីបងប្អូនប្រជាកសិករនៅក្នុងខេត្តប៉ៃលិនថា កាលពីមុននៅពេលដែលស្វាយកែវរមៀតខ្មែរមិនទាន់សម្បូរហូរហ៊ា ឈ្មួញកណ្តាលហ៊ានឲ្យតម្លៃចន្លោះពី ១៥០០រៀលទៅ២០០០រៀល។ ដោយឡែកសព្វថ្ងៃនេះ ជារដូវស្វាយកំពុងតែសម្បូរខ្លាំង បែរជាតម្លៃធ្លាក់ចុះខ្លាំងនៅត្រឹម ២០០រៀល ,៣០០រៀលប៉ុណ្ណោះ ហើយស្ទើរតែគ្មានអ្នកទិញទៀត ជាពិសេសគឺតំបន់ដាច់ស្រយាល។ ទោះជាយ៉ាងណា បើងាកមកមើលទីផ្សារស្វាយកែវរមៀតនៅទីក្រុងភ្នំពេញវិញ តម្លៃលក់រាយ ១គីឡូក្រាមចន្លោះពី ៣០០០ ទៅ ៥០០០រៀលឯណ្ណោះ។
គួរឲ្យកត់សម្គាល់ថា ប្រជាកសិករខ្មែរដែលធ្វើកសិកម្មភាគច្រើន មិនបានរៀនសូត្រជ្រៅជ្រះអំពីរបៀបធ្វើកសិកម្មសម័យទំនើបទេ គឺចេះតែបន្តធ្វើកសិកម្មបែបបុរាណ មិនបានយល់ដឹងពីរបៀបរកទីផ្សារ ពោលគឺចេះតែលក់ឲ្យឈ្មួញកណ្តាល។ ម៉្យាងវិញទៀត ការបង្កើនផលទាំងគ្មានចំណេះជំនាញច្បាស់លាស់បែបនេះហើយ ទើបជាហេតុបណ្តាលឲ្យឈ្មួញបន្ទាបតម្លៃ ឬបង្អាប់ពីគុណភាពផលិតផលបែបនេះផងដែរ៕












